បន្ទាប់ពីបញ្ចប់ការផ្តល់សក្ខីកម្មរបស់ដើមបណ្តឹងរដ្ឋប្បវេណី សែន សុផុន សាក្សីថ្មីមួយរូបទៀតត្រូវបានកោះហៅមកផ្តល់សក្ខីកម្មនៅរសៀលថ្ងៃទី២៨ ខែកក្កដាហើយបន្តដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៥ នេះទាក់ទងនឹងអង្គហេតុការដ្ឋានការងារទំនប់ត្រពាំងថ្ម។ សាក្សី ម៉ម សឿម (មានឈ្មោះដើម ហេង សាមួត) ជាសាក្សីមួយរូបដែលត្រូវបានបញ្ជូនទៅកាន់ការដ្ឋានការងារទំនប់ត្រពាំងថ្ម ចាប់តាំងពីចុងឆ្នាំ១៩៧៦មក បន្តរហូតដល់ចុងឆ្នាំ ១៩៧៧ មុននឹងលោករត់គេចចេញពីតំបន់នោះ។ លោកបានចូលរួមក្នុងការជីកទំនប់ និងធ្វើស្ពានក្នុងនាមជាកងចល័តតំបន់ ក្រោមចំណុះតំបន់ ៥ របស់ខ្មែរក្រហម។ សាក្សី ម៉ម សឿម បានរៀបរាប់ប្រាប់អង្គជំនុំជម្រះអំពីក្រុមកងចល័តដែលធ្វើការងារក្នុងការដ្ឋានអាងត្រពាំងថ្ម និងចាប់ខ្លួន ព្រមទាំងការបាត់ខ្លួនរបស់សមាជិកដែលធ្វើការងារនៅការដ្ឋានការងារនេះ។
សាក្សី ម៉ម សឿម បានថ្លែងថាលក្ខខណ្ឌការងារនៅការដ្ឋានការងារទំនប់ត្រពាំងថ្មមានលក្ខណៈលំបាកខ្លាំង ដោយតម្រូវឱ្យងើបធ្វើការងារនៅម៉ោង ៤ ព្រឹក ហើយបញ្ចប់រហូតដល់ពេលយប់។ ប្រជាជនម្នាក់ៗត្រូវជីកដីឱ្យបានបីម៉ែត្រគូបក្នុងមួយថ្ងៃ ហើយប្រសិនបើធ្វើមិនហើយទេ នោះត្រូវប្រឈមមុខជាមួយការដាក់ពិន័យ និងធ្វើការតិះទៀន។ លោកថ្លែងថានៅស្ថានភាពអានាម័យនៅតំបន់នោះមានភាពកខ្វក់ខ្លាំងហើយប្រជាជនមានជំងឺ គ្មានថ្នាំព្យា បាល។ ការខ្វះអនាម័យបែបនេះ ធ្វើឲ្យអ្នកលើកទំនប់ជាច្រើនធ្លាក់ខ្លួនឈឺ ដោយមានជម្ងឺ រាគមូល អាសន្នរោគ និងជម្ងឺគ្រុនចាញ់។ សាក្សី ម៉ម សឿម បានថ្លែងថាលោកបានឃើញមនុស្សស្លាប់ដោយសារតែខ្វះថ្នាំព្យាបាល។ លោកបានថ្លែង ប្រាប់អង្គជំនុំជម្រះសាលាដំបូងថាសមាជិកក្នុងក្រុមរបស់គាត់ត្រូវបានគេចាប់ខ្លួន ប៉ុន្តែលោកមិនដឹងមូលហេតុពិត ប្រាកដនៃការចាប់ខ្លួននេះទេ។ លោកថានៅក្នុងរបបខ្មែរក្រហម ប្រជាពលរដ្ឋទាំងអស់ព្យាយាម «ដាំដើមគ» មានន័យដោយមិននិយាយអ្វីទាំងអស់ទោះ បីជាខ្លួនបានដឹងក៏ដោយ ក៏ព្រោះតែខ្លាចត្រូវគេចោទប្រកាន់ និងចាប់ខ្លួន សម្លាប់ចោល។ ខ្មែរក្រហមបានយករថយន្តមកដឹកអ្នកដែលត្រូវបានចាប់ខ្លួននោះចេញទៅ។ លោកថាបើកាលណាមានការបាត់ខ្លួនសមាជិកណាម្នាក់ គឺអ្នកនោះមិនដែលវិលត្រឡប់មកវិញទេ។
សាក្សី ម៉ម សឿម លើកឡើងថាក្រុមខ្មែរក្រហមបានលើកឡើងពីកិច្ចប្រជុំរបស់ក្រុមកងចល័តដែលមានការ ចូលរួមពីមេកង និងអ្នកគ្រប់គ្រងការដ្ឋានទំនប់ត្រពាំងថ្មអំពីផែនការសាងសង់ទំនប់នេះ និងបានលើកឡើងថាក្រុម ខ្មែរក្រហមធ្វើអ្វីៗក៏ដើម្បីឱ្យមានភាពអស្ចារ្យមហាលោតផ្លោះ មហាអស្ចារ្យផងដែរ។ លោកបានបដិសេធថាមិនមាន ការផ្តល់អាហារសាច់គោ សាច់ជ្រូក ត្រីប្រហុកហូបគ្រប់គ្រាន់ដូចអ្វីដែលអ្នកគ្រប់គ្រងទំនប់ការដ្ឋានត្រពាំងថ្មបានអះអាងប្រាប់អ្នកកាសែតយូហ្គោស្លាវីទេ។ បើមានហូប ក៏ទទួលបាននៅពេលមានសន្និបាតយូរៗម្តងតែប៉ុណ្ណោះ។ លោកបានថ្លែងថាមេកងដែលគ្រប់គ្រងនៅតាមការដ្ឋានខ្លះមានការយោគយល់ដល់កូនក្រុមរបស់ខ្លួន និងអ្នកខ្លះ មិនបានយោគយល់ទេ គឺមានការដាក់ពិន័យចំពោះអ្នកដែលមិនបានបំពេញតាមផែនការរបស់ពួកគេ។
សាក្សី ម៉ម សឿម បានឱ្យដឹងផងដែរថានៅការដ្ឋានការងារទំនប់ត្រពាំងថ្មមានការរៀបការដោយបង្ខំ និង ពេលខ្លះក៏បានអនុញ្ញាតឱ្យមានការជ្រើសរើសគ្នាផងដែរ។ ពេលខ្លះយុវជន និងយុវនារីដែលរៀបការជាមួយគ្នាថែម ទាំងមិនស្គាល់គ្នាផង ហើយពេលខ្លះច្រឡំគូគ្នានៅពេលយប់ដោយសារតែការរៀបការមានច្រើនគូ និងការសម្រាករួមគ្នាក្នុងរោងតែមួយ។ លោកថាគូស្រករខ្លះដែលត្រូវបានបង្ខំឱ្យរៀបការមិនត្រូវរ៉ូវគ្នាទេ។ សាក្សីរូបនេះបានថ្លែងថា អ្នកមកដែលត្រូវបញ្ជូនមកធ្វើការងារនៅទំនប់អាងត្រពាំងថ្មនេះមានច្រើនដែលអ្នកខ្លះមកពីស្រុកជុំវិញតំបន់នោះ និងខ្លះទៀតប្រជាជនដែលត្រូវបានជម្លៀសមកពីទីក្រុងភ្នំពេញ។
យោងតាមដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ក្រោយពេលសាងសង់រួច ទំនប់ត្រពាំងថ្មនេះមានទំហំខ្នងទំនប់ប្រវែងប្រហែល ១០ ម៉ែត្រ ជើងទំនប់មានប្រវែងប្រហែល ១៨ ម៉ែត្រ និងកម្ពស់មានប្រវែងប្រហែលពី ៣ ទៅ ៥ ម៉ែត្រ។ អាងទំនប់នេះអាចផ្ទុកទឹកដែលមានផ្ទៃទឹកបណ្តោយប្រមាណជា ១០ គ.ម និងទទឹង ប្រមាណជា ៧ គ.ម។ មនុស្សដែលចូលរួមលើកទំនប់ត្រពាំងថ្ម ត្រូវបានគេប៉ានស្មានថាមានចន្លោះពី ១៥០០០ ទៅ ២០០០០ នាក់ គឺមកពីភូមិនានានៃបណ្តាស្រុករបស់តំបន់៥ ក្នុងភូមិភាគពាយ័ព្យ រួមមានស្រុកថ្មពួក ស្រុកភ្នំស្រុក ស្រុកសេរីសោភ័ណ្ឌ និងស្រុកព្រះនេត្រព្រះ ។ អ្នកលើកទំនប់ទាំងនោះរួមបញ្ចូលទាំងប្រជាជនថ្មីដែលត្រូវបានជម្លៀសមកពីទីក្រុងភ្នំពេញ និងមកពីខេត្តសៀមរាបផងដែរ។ ប្រជាជនថ្មីបានទទួលរងនូវលក្ខខណ្ឌការងារធ្ងន់ធ្ងរជាងដូចជា ម្នាក់ៗត្រូវធ្វើការច្រើនអ្នកដទៃ ឬទទួលរងនូវការដាក់ទណ្ឌកម្មមិនសមហេតុផល។ កងទ័ព និងកម្មាភិបាលរបស់ ប.ក.ក បានស្រង់ជីវប្រវត្តិរបស់អ្នកលើកទំនប់នៅការដ្ឋាន ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលនឹងត្រូវចាប់ខ្លួន ឬសម្លាប់នៅពេលខាងមុខ៕