កីឡាករ Erling Haaland របស់ក្រុមមេឃខៀវ Manchester City បានក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់កីឡាករឆ្នើមនៅ Premier League និងពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំក្នុងរដូវកាលតែមួយ។
គ្រាប់បាល់ស៊ុតបញ្ចូលទី៣៦គ្រាប់របស់ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះបានបំបែកឯតទគ្គកម្មក្របខ័ណ្ឌ Premier League សម្រាប់គ្រាប់បាល់ច្រើនបំផុតក្នុងមួយរដូវកាល។ សរុបមកគាត់រកបាន៥២គ្រាប់ក្នុងអំឡុងយុទ្ធនាការនេះ។
Haaland បាននិយាយថា “ខ្ញុំមានកិត្តិយសណាស់ដែលបានក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ទាំង២ក្នុងរដូវកាលតែមួយអរគុណអ្នកគ្រប់គ្នាដែលបានបោះឆ្នោតឱ្យខ្ញុំ”។
Haaland ដែលបានទទួលការបោះឆ្នោតរួមបញ្ចូលគ្នាច្រើនបំផុតពីសាធារណជន និងជាគណៈកម្មការ Premier League បានចូលរួមជាមួយ Man City ពី Borussia Dortmund កាលពីរដូវក្តៅមុន ហើយបានជួយក្លិបឈ្នះពានលីកកំពូលលើកទី៣ជាប់ៗគ្នា។ គាត់ក៏បានជាប់ឈ្មោះជាកីឡាករបាល់ទាត់បុរសប្រចាំឆ្នាំរបស់សមាគមអ្នកនិពន្ធបាល់ទាត់ (FWA) រួចហើយ។
កីឡាករអន្តរជាតិន័រវេសបានបន្ថែមថា “វាជារដូវកាលដំបូងដែលមិនគួរឱ្យជឿក្នុង Premier League ហើយការលើកពានកាលពីចុងសប្តាហ៍មុននៅចំពោះមុខអ្នកគាំទ្ររបស់យើងនៅឯ Etihad គឺជាពេលវេលាដ៏ពិសេសសម្រាប់ខ្ញុំ” ។
ក្រុម Man City ក៏ស្ថិតក្នុងដំណើរឆ្ពោះទៅកាន់ការប្រជែងពានរង្វាន់បន្តទៀត ខណៈដែលពួកគេនឹងជួប Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃទី៣ ខែមិថុនា មុនពេលជួប Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃទី១០ខែមិថុនា។
Haaland បានអះអាងថា “ពានរង្វាន់ទាំងនេះនឹងមិនអាចទៅរួចទេបើគ្មានមិត្តរួមក្រុមដ៏អស្ចារ្យរបស់ខ្ញុំ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់នៅក្នុងក្លិបដែលជួយខ្ញុំលេងនៅលើទីលាន។ ឥឡូវនេះយើងមានវគ្គផ្តាច់ព្រ័ត្រ២ទៀតដែលត្រូវទៅ ហើយយើងចង់បញ្ចប់រដូវកាលឱ្យខ្លាំង” ៕ (រូបភាព ៖ BBC Sport)