សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា ប៉ូលិសហុល្លង់បានឱ្យដឹងថា មានមនុស្សច្រើនជាង ១,៥០០នាក់ត្រូវបានឃាត់ខ្លួន អំឡុងពេលធ្វើបាតុកម្មតវ៉ាមួយធ្វើឡើងដោយក្រុមសកម្មជនការពារបរិស្ថាន Extinction Rebellion ក្នុងទីក្រុងឡាអេ។
ក្រុមសកម្មជនខាងលើបានតវ៉ាបិទផ្លូវមួយកន្លែងនៅចំកណ្ដាលទីក្រុងឡាអេ កាលពីថ្ងៃសៅរ៍ ទី២៧ ខែឧសភា ដើម្បីបង្ហាញការតវ៉ាចំពោះផែនការឧបត្ថម្ភធនរបស់រដ្ឋាភិបាលហុល្លង់លើវិស័យឥន្ធនៈផូស៊ីល។ ប៉ូលិសហុល្លង់ក៏បានប្រើប្រាស់កាណុងបាញ់ទឹក បំបែកហ្វូងបាតុករផងដែរ និងឃាត់ខ្លួនមនុស្ស ១,៥៧៩នាក់ ហើយក្នុងចំណោមពួកគេមាន៤០នាក់នឹងប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ ក្នុងនោះរួមមានទាំងបទចោទប្រកាន់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈផងដែរ។
គួរបញ្ជាក់ថា បាតុកម្មតវ៉ាខាងលើគឺជាបាតុកម្មតវ៉ាជាលើកទី៧ ដែលរៀបចំឡើងដោយសកម្មជនការពារបរិស្ថាន Extinction Rebellion នៅក្នុងទីក្រុងឡាអេ តែនេះជាចំនួនមនុស្សត្រូវបានឃាត់ខ្លួនច្រើនជាងគេបំផុត គិតមកទល់នឹងពេលនេះ៕ ដោយធីរីណា
រូបថត : vnews