អុីរ៉ង់ចោទលោកហ្សេលេនស្គីវិញថាកំពុងប្រើអ៉ីរ៉ង់ជាឈ្នាន់ចង់បានជំនួយពីលោកខាងលិច

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា អ៉ីរ៉ង់បានចោទប្រកាន់ថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កំពុងប្រើប្រាស់អ៉ីរ៉ង់ជាឈ្នាន់ដើម្បីទទួលបានការគាំទ្រយោធានិងជំនួយហិរញ្ញវត្ថុពីបណ្ដាប្រទេសលោកខាងលិចតែប៉ុណ្ណោះ តាមរយៈការចោទទីក្រុងតេហេរ៉ង់ថាកំពុងផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី។

សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ ដោយចោទប្រកាន់ទីក្រុងតេហេរ៉ង់ថាបានផ្គត់ផ្គង់យន្ដហោះដ្រូនសម្រាប់រុស្ស៉ីយកទៅប្រើប្រាស់នៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ អ៉ីរ៉ង់បានបដិសេធការចោទប្រកាន់នេះ តែក្រោយមកបានទទួលស្គាល់ថាខ្លួនពិតជាបានលក់យន្ដហោះដ្រូនឱ្យទីក្រុងមូស្គូពិតមែន តែបានធ្វើឡើងតាំងតែពីមុនសង្រ្គាមផ្ទុះឡើងមកម្ល៉េះ។
ដោយឡែក ប្រតិកម្មខាងលើរបស់អ៉ីរ៉ង់កើតមានឡើងបន្ទាប់ពីលោក ហ្សេលេនស្គី កាលពីថ្ងៃពុធកន្លងទៅនេះបានចោទសួរទៅកាន់អ៉ីរ៉ង់ថា តើហេតុអ្វីបានជាគាំទ្ររុស្ស៉ី និងអំពើឃោរឃៅ? ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក ណាស់ស័រ កាណានី (Nasser Kanani) បានលើកឡើងថា ការលើកឡើងរបស់លោក ហ្សេលេនស្គី គឺជារឿងមិនពិត និងគ្រាន់តែជាការឃោសនាប្រឆាំងនឹងអ៉ីរ៉ង់ ហើយការចោទប្រកាន់គឺមានគោលដៅទាក់ទាញជំនួយយោធានិងហិរញ្ញវត្ថុពីបណ្ដាប្រទេសលោកខាងលិចតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា រុស្ស៉ីត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់យន្ដហោះដ្រូនអត្តឃាត Shahed ផលិតដោយអ៉ីរ៉ង់ ១,១៦០គ្រឿង នៅក្នុងការវាយប្រហារប្រឆាំងអ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​ : AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print