ខេត្តបន្ទាយមានជ័យ៖ តំបន់អភិរក្សដង្កៀបក្តាមនៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តឃុំបា្រសាទ ស្រុកព្រះនេត្រព្រះ
លោក សួន សុខម៉ៅ នាយផ្នែករដ្ឋបាលជលផលព្រះនេត្រព្រះបានឲ្យដឹងថា សត្វស្លាបចម្រុះនៅក្នុងតំបន់អភិរក្សដង្កៀបក្តាម គឺគេតែងសង្កេតឃើញមកប្រមូលផ្តុំរស់នៅទីនេះជាទីកន្លែងប្រភពទឹកសម្រាប់សត្វស្លាបចុះផឹកទឹក និងរកចំណីអាហារ។សត្វស្លាបភាគច្រើនមគេឃើញមាននៅរដូវខែប្រាំង ចំណែករដូវវស្សាសត្វស្លាបទាំងនោះបានហើរគេចទៅតំបន់ផ្សេងៗទៀតក្នុងបឹងទន្លេសាបនោះដែរ។
លោកប្រាប់ឲ្យដឹងទៀតថា សត្វស្លាបជម្រុះទាំងនោះរួមមាន សត្វកុក, សត្វរនៀលពណ៌, សត្វទង់, ត្រដក់ ,ក្រសា ក្រៀលខ្ចង ,មាន់ទឹក និងសត្វស្លាបច្រើនប្រភេទប្រភេទទៀមានតរហូតដល់រាប់។ សត្វទាំងស្លាបទាំងនោះត្រូវបានក្រុមសហគមន៍ក៏ដូចជាក្រុមមន្រ្តីជលផល បានតែងតែធ្វើការអភិរក្ស និងអប់រំណែនាំឲ្យពលរដ្ឋរស់នៅក្នុងតំបន់នោះ ចូលរួមការពារទប់ស្កាត់មិនឲ្យមានការបរបាញ់នោះឡើយ។ មិនតែប៉ុណ្ណោះមានអង្គការអភិរក្សសត្វព្រៃក៏ធ្លាប់ចុះមកត្រួតពនិត្យនិងចុះធ្វើការផ្សព្វផ្សាយជូនដល់ពលរដ្ឋចូលរួមថែរក្សាសត្វស្លាបទាំងនោះផងដែរ។
លោកបញ្ជាក់ឲ្យដឹងទៀតថា តំបន់អភិរក្សដង្កៀបក្តាម ជាតំបន់ទឹកលិចនៅរដូវវស្សាគេធ្វើដំណើរតាមទូក និងរដូវប្រាំងធ្វើដំណើរតាមម៉ូតូ និងគោយន្ត មិនសូវមានមនុស្សទៅដល់ទីនោះទេដោយសារផ្លូវលំបាកមិនទាន់មានការអភិវឌ្ឍន៍ ។ ក្រៅពីសត្វស្លាប តំបន់អភិរក្សដង្កៀបក្តាមក៏ជាទីកន្លែងអភិរក្សពូជន៍ត្រីផងដែរ៕
ដោយ៖ សំ វិច្ឆិកា