ខេត្តកោះកុង៖ មន្រ្តីនគរបាលស្រុកគីរីសាគរ នៅព្រឹកថ្ងៃចន្ទទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសជនជាតិចិនម្នាក់ បានបើករថយន្តបុកគ្នាម៉ូតូ១គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅស្រុកគិរីសាគរ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ។
មន្រ្តីនគរបាលស្រុកគីរីសាគរ បានបន្តថា រថយន្តបង្កម៉ាកព្រុស ពណ៌បៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ 2BT-9380 អ្នកបើកបរឈ្មោះ YANGCHANGBO ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន បានបុកនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខតាកែវ 1AA-9028 អ្នកបើកបរឈ្មោះ រៀង កេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ដៅ ឃុំពេជ្រផ្សារ ស្រុកកោះអណ្ដែត ខេត្តតាកែវ មុខរបរកម្មករសំណង់ (ស្លាប់) ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាន ៕ដោយ៖សហការី