ខេត្តបន្ទាយមានជ័យ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃចន្ទទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រោយមានករណីបាត់នារីម្នាក់ជាអ្នកលក់ក្រឡាន នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំបន្ទាយនាង ស្រុកមង្គលបូរី ហើយត្រូវបានអ្នកសារព័ត៌មានក៏ដូចជាបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ធ្វើការផ្សព្វផ្សាយថាមានជនមិនស្គាល់មុខចាប់នារីអ្នកក្រឡានដាក់បញ្ចូលក្នុងរថយន្ត ។
ប្រភពដដែលបន្តថា ដើម្បីរកឱ្យឃើញការពិត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកមង្គលបូរី និងកម្លាំងនគរបាលការិយាល័យជំនាញ ឲ្យស្រាវជ្រាវជុំវិញករណីនេះ រហូតឈានដល់មានការបំភ្លឺពីស្ត្រីឈ្មោះ ឆប គឹមឡាង ដែលជាម្តាយនារីដែលបាត់ខ្លួននោះថា ៖ រឿងបាត់ខ្លួនកូនស្រីរបស់គាត់ គឺជារឿងមិនពិតនោះទេ រឿងបាត់ខ្លួនកូនស្រីរបស់គាត់តាមពិតនោះ គឺជារឿងស្នេហា ។
បើទោះបីជាការបំភ្លឺពីម្តាយនារីនោះក៏ដោយ ប៉ុន្តែកូនស្រីរបស់គាត់នៅពុំទាន់រកឃើញនោះទេ ។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ជុំវិញករណីនោះ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនគរបាលស្រុកមង្គលបូរី បានស្រាវជ្រាវ និងរកឃើញឲ្យនារីនោះមកបំភ្លឺជុំវិញករណីដែលនាងបាត់ខ្លួន ។
តាមការបំភ្លឺរបស់នាងគឺថា ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ មានព័ត៌មានក៏ដូចជាបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកបានបង្ហោះផ្សព្វផ្សាយ មានជនមិនស្គាល់មុខចាប់ខ្លួននាងដែលកំពុងលក់ក្រឡាននោះ គឺជារឿងមិនពិត តាមពិតនោះ គឺរឿងនាង និងបុរសនោះ បានព្រមព្រៀងរត់តាមគ្នាទេ ៕ដោយ៖សហការី