ភ្នំពេញ៖ ជនសង្ស័យចំនួន០៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីពួកគេធ្វេីសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះបានសម្រេចមួយគ្រឿងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅផ្លូវ38K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះស័យ្យ ពន្លឺ ភេទប្រុសអាយុ២៦ឆ្នាំមុខរបរដឹកអនឡាញ ស្នាក់នៅភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមានករណីកាប់វាយប្លន់យកម៉ូតូពីប្រជាពលរដ្ឋរដ្ឋរងគ្រោះ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងផ្នែកសហការជាមួយប៉ុស្តិ៍ តាមដានស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ។
សមត្ថកិច្ចបានបន្តថា រហូតដល់វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនមុខសញ្ញានិងបក្ខពួកបានចំនួន៥នាក់ ស្ថិតនៅភូមិចំការឪឡឹក០២សង្កាត់កាកាបទី០២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ហេីយបាននាំខ្លួនជនសង្ស័យទាំងនៅមកសាកសួរ បន្ទាប់មកជនសង្ស័យក៏បានសារភាពនិងបន្តតាមចាប់ប័ក្ខពួកចំនួន៣នាក់បន្ថែមទៀត នៅសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះទេីបសមត្ថកិច្ចបន្តចុះចាប់អ្នកទទួលផងចោរកម្មម្នាក់ទៀតក្នុងមូលដ្ឋានខណ្ឌមានជ័យដកហូតម៉ូតូមួយគ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕ ដោយ៖សុខាសែនជ័យ