ភ្នំពេញ : លោក ហ៊ុន ម៉ានី បានបន្តជួបជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពូជា ប្រចាំសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធាន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. គណៈគ្រប់គ្រងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិនិងសមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រមាណ១៦០០ នាក់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមប្រធាន ដែលបង្ហាញពីការយកចិត្តទុកខ្ពស់ចំពោះសមាជិក សមាជិកាទាំងអស់។ ឯកឧត្តមបានរាយការណ៍អំពីសមិទ្ធផលសម្រេចបាន និងផែនការសកម្មភាពទៅអនាគតរបស់ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ រួមទាំងធ្វើការប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យ សមាជិក សមាជិកា ទទួលបានឱកាសរៀនសូត្រដើម្បីក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ល្អៗ តាមរយៈការចូលរួមស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍សង្គម ក៏ដូចជាការងារនានាដែលអាចចូលរួមបាន ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមតាមកាលៈទេសៈជាក់ស្តែង។
ថ្លែងទៅកាន់សមាជិក សមាជិកា ស.ស.យ.ក. ប្រមាណ ១.៦០០ នាក់ លោក ហ៊ុន ម៉ានី បានចែករំលែកជាមួយប្អូនៗ ដោយរំឭកអំពីបុព្វហេតុ ប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិក សមាជិកាគ្រប់រូបត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ដែលត្រូវការចិត្ត ដែលប្រកបដោយឆន្ទៈ ស្មារតី ហ៊ានលៈបង់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមជាតិ។ ទន្ទឹមនេះ លោកបានមានប្រសាសន៍បន្ថែមទៀតថា «កុំខ្លាចក្នុងការយកតម្រាប់តាមអ្នកជោគជ័យ » ដោយ លោកបានគូសបញ្ជាក់ថា ការចាប់យកនូវបទពិសោធន៍ និងការអនុវត្តរបស់បុគ្គលជោគជ័យគឺជាចំណុចសំខាន់នៃការបណ្តុះសមត្ថភាពតាមរយៈការសិក្សារៀនសូត្រ ការបង្កើនចំណេះដឹង ដោយអនុវត្តសកម្មភាពទាំងនោះឱ្យក្លាយជាទម្លាប់ដើម្បីទទួលបានជោគជ័យ និងសម្រេចបានគោលដៅរបស់ខ្លួន។
មិនខុសពីសព្វមួយដងក្រៅពីការចែករំលែកបទពិសោធន៍ និងផ្ដល់នូវអនុសាសន៍ដល់សមាជិកសមាជិកា លោក បានផ្ដល់ជាឱកាសឱ្យប្អូនៗនិស្សិតទាំងអស់បានចូលរួមក្នុងវេទិការសំណួរ ចម្លើយបន្ថែមពីអ្វីដែលប្អូនៗទទួលបានពីមតិសំណេះសំណាលរបស់ លោកប្រធាន ៕
ដោយ : សហការី