«កំពង់ភ្លុក»៖ ភូមិសហគមន៍នេសាទនៅជាប់នឹងតំបន់ព្រៃលិចទឹកនៃមាត់បឹងទន្លេសាប ដែលពោរពេញទៅដោយសក្តានុពលដ៏គួរឱ្យទាក់ទាញខាងផ្នែកទេសចរណ៍

ចែករំលែក៖

ខេត្តសៀមរាប : «កំពង់ភ្លុក»៖ ភូមិសហគមន៍នេសាទនៅជាប់នឹងតំបន់ព្រៃលិចទឹកនៃមាត់បឹងទន្លេសាបដែលពោរពេញទៅដោយសក្តានុពលដ៏គួរឱ្យទាក់ទាញខាងផ្នែកទេសចរណ៍ និងការងារអភិរក្សបរិស្ថានជីវៈចម្រុះដ៏កម្រមួយនៅលើពិភពលោក។ នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វុីណង់ អភិបាលរង ខេត្តសៀមរាបនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

លោក ឃឹម ហ្វុីណង់ អភិបាលរង ខេត្តសៀមរាបបានលើកឡើងថា ជាផ្នែកមួយនៃទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពរស់នៅ បញ្ហាប្រឈម និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ១០០០គ្រួសារនៅក្នុងតំបន់នេះ ខ្ញុំបានដឹកនាំក្រុមការងារចម្រុះមកពីមន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ រដ្ឋបាលមូលដ្ឋាន អង្គការដៃគូ សមាគម និងយុវជនស្ម័គ្រចិត្តសរុប៦០នាក់ ដើម្បីទទួលបានធាតុចូលមួយចំនួនសម្រាប់ការរៀបចំផែនការគាំទ្រជីវភាពនិងការអភិវឌ្ឍសហគមន៍ដ៏មានសក្តានុពលមួយនេះ។ កន្លងមក កំពង់ភ្លុកតែងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិរួចមកហើយពីរបៀបរស់នៅ និងភាពស្រស់ស្អាតទៅតាមរដូវកាលនៃតំបន់ដើមរាំងលិចទឹករបស់ខ្លួន ប៉ុន្តែឧបសគ្គដ៏ធំមួយដែលរាំងស្ទះមិនឱ្យអ្នកកំពង់ភ្លុកទទួលបានអត្ថប្រយោជន៍ពេញលេញពីចំណុចពិសេសរបស់ខ្លួន គឺការខ្វះខាតលើការគ្រប់គ្រងសំរាមសំណល់រឹងរាវ អនាម័យល្អនៅក្នុងសហគមន៍ និងការបង្កើតទម្លាប់រស់នៅស្អាតរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ។

...

លោកបន្តថា កំពង់ភ្លុកត្រូវការផែនការរួមមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខ្លួន ផែនការដែលមានការចូលរួមនិងភាពជាម្ចាស់ខ្ពស់ពីសំណាក់សហគមន៍ខ្លួនឯងផ្ទាល់ តែមានការគាំទ្រតម្រង់ទិសពីសំណាក់អាជ្ញាធរមូលដ្ឋាន ការកៀរគរធនធានពីគ្រប់ទិសទី ការវិនិយោគពីវិស័យឯកជន ក៏ដូចជាចូលរួមពីសំណាក់អង្គការដៃគូ និងអ្នកស្ម័គ្រចិត្តផ្សេងៗផងដែរ។ ការអភិរក្សបរិស្ថានគឺជាកត្តាស្លាប់រស់មួយសម្រាប់អ្នកកំពង់ភ្លុក ហើយការងារភាគច្រើននឹងពាក់ព័ន្ធទៅលើការអប់រំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅទីនោះ ដោយត្រូវផ្សារភ្ជាប់ទៅនឹងអត្ថប្រយោជន៍ដែលសហគមន៍នឹងទទួលបានពីការចូលរួម នោះទើបអាចមានការលើកទឹកចិត្តឱ្យមានផ្លាស់ប្តូរឥរិយាបថទៅបាន ពោលគឺយើងត្រូវរកវិធីសាស្ត្ររំលេចឱ្យសហគមន៍អាចមើលឃើញ និងទទួលបានផលប្រយោជន៍ដោយផ្ទាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ពីរាល់ការខិតខំប្រឹងប្រែងអភិរក្សទាំងឡាយ ៕ ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print