ខេត្តបាត់ដំបង÷ រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញទទួលប្រតិភូ កងទ័ពថៃដឹកនាំដោយ លោកវរសេនីយ៍ឯក ណាត់ថាក់ផុន ជួនចាក់រើន នាយសេនាធិការរង កងកម្លាំងបូព៌ា តំណាងដ៏ខ្ពង់ខ្ពស់លោកមេបញ្ជាការ យោធភូមិភាគទី១ថៃ អញ្ជើញមកសួរសុខទុក្ខ យោធិន យោធភូមិភាគទី៥ កងទ័ពកម្ពុជា ដែលរងរបួសផ្ទៃមុខ និងភ្នែក ក្នុងពេលបំពេញប្រតិបត្តិការ ចូលត្រាយផ្លូវជួយសង្គ្រោះស្រ្តីជនជាតិថៃ ផ្ទុះមុីនដាច់ជើងម្ខាង និងរងរបួសធ្ងន់ ក្នុងតំបន់ហាមឃាត់ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក ណាត់ថាក់ផុន ជួនចាក់រើន បានកោតសរសើរនូវវីរភាពកងទ័ពកម្ពុជា ដែលព្យាយាមជួយសង្គ្រោះ ជនជាតិថៃរហូតដល់គ្រោះថ្នាក់ខ្លួនឯង ដែលនេះជាទឹកចិត្តសប្បុរសធ៌ម មិនអាចកាត់ថ្លៃបាន មិនរើសអើងជាតិសាសន៍ ជួយសង្គ្រោះអាយុជីវិតជនជាតិថៃបានទាន់ពេលវេលា ហើយកងទ័ពថៃ សន្យាទទួលយកកងទ័ពកម្ពុជាដែលរងរបួសទៅព្យាបាលនៅមន្ទីរពេទ្យកងទ័ពថៃ ក្នុងករណីធ្ងន់ធ្ងរដោយមិនគិតថ្លៃ។
ក្នុងឱកាសនោះដែរ ក្រុមគ្រួសារស្រ្តីជនជាតិថៃ ក៏បានអញ្ជើញមកសួរសុខទុក្ខ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតផងដែរ។
ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានថ្លែងអំណរគុណ ជូនចំពោះ លោក មេបញ្ជាការ យោធភូមិភាគទី១ថៃ ដែលចាត់តាំងប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ ដល់យោធិន យោធភូមិភាគទី៥ រងរបួសក្នុងបេសកកម្មជួយសង្គ្រោះជនជាតិថៃរងគ្រោះដោយសារផ្ទុះមុីននិងមានប្រសាសន៍ថាកងទ័ពកម្ពុជា និងថៃ នៅតាមបន្ទាត់ព្រំដែន នៅតែបន្តជួយគ្នាទៅវិញទៅមក ក្នុងភារកិច្ចមនុស្សធម៌ មិនថាជនជាតិថៃ ខ្មែរ ឬសាសន៍ដ៏ទៃឡើយ៕