សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌ សីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង÷  នាព្រឹកថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្ត បាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។

    លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បានធ្វើរបាយការណ៍ឱ្យដឹងថា វត្តបឹងដោលស្ថិតនៅភូមិបឹងដោល បានកសាងឡើងក្នុងរជ្ជកាលព្រះបាទនរោត្តម នៅឆ្នាំ១៨៩០ ស្ថិតលើដីទួលចាស់មួយកន្លែងដែលមានទំហំជិត ២ហិកតា ដោយចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទ មន្ត្រីរាជការសម័យនោះ ដៃលមានព្រះភិក្ខុ ព្រះនាម ចឺម ជាអ្នកដឹកនាំកសាងដំបូង។  

លោកបន្តថា នៅឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត វត្តនេះត្រូវបានពួកខ្មែរក្រហមយកធ្វើជាកន្លែងផ្សំថ្នាំឱសថបុរាណ រហូតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទក៏រៀបចំបង្កើតឡើងវិញនៅឆ្នាំ១៩៨៥ ដោយបាននិមន្តព្រះភិក្ខុព្រះនាម ពូនង ប៊ុនម៉េង និមន្តមកពីកម្ពុជាក្រោម ជាព្រះចៅអធិការវត្ត ចាប់ពីឆ្នាំ១៩៨៥ រហូតឆ្នាំ ១៩៨៨ បានជួសជុលសមិទ្ធផលចាស់ៗ។ 

លោកអភិបាលស្រុកព្រះស្ដេចបានបន្ថែមថា ដោយសារព្រះវិហារមុនមានសភាពចាស់ទ្រុឌទ្រោម ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តបានសម្រេចរុះរើ និងកសាងព្រះវិហារថ្មីឡើងវិញ នៅខែមីនា ឆ្នាំ២០១៩ ដែលមានទំហំទទឹង ៩,៧៥ម៉ែត្រ បណ្ដោយ ១៨.៧០ ម៉ែត្រ និងដងទង់មួយគូ កម្ពស់២៥ម៉ែត្រហើយរួចរាល់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២៣នេះ ចំណាយថវិកាគិតជាដុល្លារអស់ចំនួន ២៧៩,៥៥០ ដុល្លារ។

របាយការណ៍បានឱ្យដឹងទៀតថា សមិទ្ធផលនេះដឹកនាំកសាងដោយព្រះគ្រូ យីម យុត ព្រះគ្រូ អាញ អាន ព្រះ ចៅអធិការវត្ត លោកអាចារ្យ យ៉ាន់ ត្រេះ លោកអាចារ្យឡុក ឆន ព្រមទាំងអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទដោយមានការឧបត្ថម្ភគាំទ្រ ពីប្រធាន-អនុប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកព្រះស្តេច និងសប្បុរសជនគ្រប់ទិសទី។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ  ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ព្រៃវែង សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលនានាជាច្រើន និងសូមថ្លែងអំណរគុណជូនចំពោះក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែង និងសប្បុរសជនដែលបានបរិច្ចាគនូវធនធានជាច្រើនក្នុងការចូលរួមអភិវឌ្ឍវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋានខេត្តព្រៃវែង។

សម្ដេចឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជារក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព ទោះបីជាយើងត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីក្តី។

សម្ដេចបន្តថា ព្រមជាមួយគ្នានេះ កិត្យានុភាព កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិយើងនៅ លើឆាកអន្តរជាតិកាន់តែបានលើកកម្ពស់ និងទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធានដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ប្រកបដោយជោគជ័យ ហើយថ្មីៗនេះ កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (SEA GAME) ជាមួយលទ្ធផលល្អគាប់ប្រសើរ និងជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងទទួលបាននូវការកោតសរសើរពីបណ្តាភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាការគាំទ្រ អបអរសាទរពីប្រជាជនខ្មែរនៅទូទាំងប្រទេស។

នាឱកាសនោះ សម្ដេចបានមានប្រសាសន៍ណែនាំអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ព្រោះថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានការរីកចម្រើនដូចសព្វថ្ងៃនេះ ហើយអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួនស្របតាមពាក្យស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍»៕ ដោយសហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print