សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ដោយបដិសេធចូលរួមកិច្ចប្រជុំរវាងប្រមុខ ការពារជាតិអាមេរិកនិងចិន គឺជារឿងគួរឱ្យស្ដាយ ខណៈដែលបានរិះគន់នូវអ្វីដែលលោកផ្ទាល់ហៅថាជាទង្វើបង្កហេតុរបស់ចិនកាលពីពេលថ្មីៗនេះ។
ទីក្រុងវ៉ាស៊ីនតោន បានអញ្ជើញរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) ចូលរួមក្នុងកិច្ចប្រជុំជាមួយលោក អូស្ទីន នាឱកាសដែលប្រមុខការពារជាតិនៃប្រទេសទាំង២ចូលរួមវេទិកាសន្តិសុខមួយរៀបចំឡើងក្នុងប្រទេសសិង្ហបុរីនៅក្នុងសប្ដាហ៍នេះ។ ប៉ុន្តែ ខាងទីក្រុងប៉េកាំង បានសម្រេចចិត្តបដិសេធជំនួបនេះ។ ថ្លែងចេញពីទីក្រុងតូក្យ ក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីនៅថ្ងៃព្រហស្បតិ៍ លោក អូស្ទីន បានចាត់ទុកការសម្រេចចិត្តរបស់ទីក្រុង ប៉េកាំងថាជារឿងគួរឱ្យស្ដាយ។
«អ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថាខ្ញុំធ្លាប់បាននិយាយជាច្រើនដងពីសារៈសំខាន់នៃការជជែកគ្នាទៅវិញទៅមករវាងប្រទេសធំៗ ដើម្បីអាចគ្រប់គ្រងជម្លោះ និងបង្ការកុំឱ្យភាពតានតឹងរាលដាលចេញពីការគ្រប់គ្រងទាំងដែលមិនចាំបាច់»។ នេះជាការបញ្ជាក់របស់លោក អូស្ទីន។
លោក អូស្ទីន ក៏បានលើកឡើងផងដែរពីសកម្មភាពយន្ដហោះចម្បាំងចិន ហោះស្ទាក់ចាប់យន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង នៅតំបន់សមុទ្រចិនខាងត្បូង កាលពីពេលថ្មីៗនេះ ដោយមើលឃើញថានេះជារឿងមួយគួរឱ្យព្រួយបារម្ភ៕ ដោយធីរីណា
រូបថត : Getty Images