ភ្នំពេញ÷ ឃាតកម្មសម្លាប់បុរសជនជាតិចិន នៅកណ្ដាលវាលស្រែ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់ចំនួន៣នាក់ នៅខេត្តសៀមរាប នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
មន្ត្រីនគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១និង២៧នាទី គេប្រទះឃើញសាកសពអត់ក្បាលដេក ស្លាប់ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញដឹកនាំដោយ លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ចុះដឹកនាំកម្លាំងជំនាញ និងមានការចូលរួមសហការពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេតបន្ទាន់តាមនីតិវិធី ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម៖
*ទី១៖ ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម
*ទី២៖ ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
*ទី៣៖ ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង ១១ និង៤៧នាទី ដោយកំណត់បានទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាមបង្រ្កាប និងឃាត់ខ្លួនជន សង្ស័យទាំង៣នាក់ នៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
វត្ថុតាងដកហូតរួមមាន រថយន្តមួយគ្រឿងម៉ាក camry, អាវុធ អាកា ០១ដើម, អាវុធ សេកាសេ ០២ដើម, អាវុធ កែច្នៃ ០២ដើម និងគ្រាប់មួយចំនួន។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១អាធ្រាត ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរម៉ៅ ការសំណង់ ពិតប្រាកដមែ ពេលជនរងគ្រោះជិះរថយន្ត ជាមួយពួកខ្លួនចេញពីការដ្ឋានខេត្តពោធិ៍សាត់ ហើយដឹងថាជនរងគ្រោះទើបបើកប្រាក់ ពួកខ្លួនក៏មានគំនិតសម្លាប់ជនរងគ្រោះដោយយកកន្សែងរឹតក និងយកពូថៅកាត់ក្បាលតែម្តង។ មូលហេតុ ដោយសារតែខឹងនិងជនរងគ្រោះជំពាក់ប្រាក់មិនសង។
ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ពួកខ្លួន បានយកក្បាលច្រកចូលក្នុងកាបូបខ្មៅមួយ ហើយយកទៅបោះចោលនៅចំណុចស្រះមួយកន្លែងស្ថិតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកពូថៅ យកទៅបោះចោលនៅស្ពានត្រោះ ស្ថិតក្នុងស្រុក បាធាយ ខេត្តកំពង់ចាម ហើយប្លន់យកប្រាក់បានមួយចំនួននាំគ្នាគេចមកលាក់ខ្លួននៅចំណុចភូមិ
រុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ចំពោះជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ដោយឡែកអាវុធបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។ កិច្ចប្រតិបត្តិការនេះដឹកនាំស្រាវជ្រាវ និងស៊ើបអង្កេត ដោយលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន៕