ភំ្នពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនជិត៤០គីឡូក្រាម និងសារធាតុមិនច្បាស់ជិត២០០គីឡូក្រាម។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៥និង២០នាទី កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម្ភ , លោកវរសេនីយ៍ឯក ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារង នៃអាយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបបទល្មើស ០២គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ូ សាំងយ៉ុង ភេទប្រុស ជនជាតិវៀតណាម
និងគ្រឿងញៀនជិត៤០គីឡូក្រាម និងសារធាតុមិនច្បាស់ជិត២០០គីឡូក្រាម។
គោលដៅទី១ ៖ តាមបណ្ដោយផ្លូវR១២ គម្រោង៨ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់យកវត្ថុតាង កេតាមីន៩៨២ក្រាម ។
គោលដៅទី២ ៖ ផ្ទះលេខ៤៨ ផ្លូវលេខ០២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់យកវត្ថុតាង MDMA ៣១៤៤៩,៨០ក្រាម, មេតំហ្វេតាមីន ៤២០៤,៤៨ក្រាម , កេតាមីន ៧១០ក្រាម, នីមេតាហ្សេប៉ាម ៣៤ក្រាម, សារធាតុមិនច្បាស់ ១៦៦៥៨៥ក្រាម និងឧបករណ៍សម្រាប់កែច្នៃ វេចខ្ចប់មួយចំនួន។
វត្ថុតាងពីរគោលដៅសរុបរួមមាន៖
-សារធាតុញៀន ទម្ងន់ ៣៧៣៨០,២៨ក្រាម (៣៧គីឡូក្រាម ៣៨០,២៨ក្រាម)។
-សារធាតុមិនច្បាស់ ទម្ងន់ ១៦៦៥៨៥ក្រាម (១៦៦គីឡូក្រាម ៥៨៥ក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕ដោយ៖សហការី