កាលពីថ្ងៃទី ៦ ខែមិថុនា អាជ្ញាធរឥណ្ឌាបានអំពាវនាវដល់ក្រុមគ្រួសារនៃជនរងគ្រោះឱ្យជួយកំណត់អត្តសញ្ញាណសាកសពជាង 100នាក់ ដែលកំពុងត្រូវបានរក្សាទុកនៅក្នុងមន្ទីរពេទ្យនិងកន្លែងបញ្ចុះសព 4 ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយផ្លូវរថភ្លើងដែលបានសម្លាប់មនុស្ស 275 នាក់ នៅក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា។
ប្រធានផ្នែកសុខភាពរដ្ឋ Odisha លោក Bijay Kumar Mohapatra បាននិយាយថា អាជ្ញាធរកំពុងព្យាយាមប្រើបន្ទប់ត្រជាក់ដើម្បីការពារសាកសព។ លោកបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវរង់ចាំរហូតដល់អត្តសញ្ញាណជនរងគ្រោះអាចធ្វើកោសល្យវិច័យ ព្រោះបទប្បញ្ញត្តិរបស់រដ្ឋ Odisha ហាមមិនឱ្យធ្វើកោសល្យវិច័យលើសាកសពដែលមិនស្គាល់ក្នុងរយៈពេល 96 ម៉ោងបន្ទាប់ពីការស្លាប់។
អេក្រង់ទូរទស្សន៍ដ៏ធំនៅវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ All India (AIIMS) ដែលជាកន្លែងព្យាបាលដ៏ធំបំផុតនៅក្នុងទីក្រុង Bhubaneswar បានបង្ហាញរូបថតជនរងគ្រោះ ដូច្នេះក្រុមគ្រួសារអាចកំណត់អត្តសញ្ញាណមនុស្សជាទីស្រឡាញ់របស់ពួកគេ។ មន្ត្រីប៉ូលិសជាន់ខ្ពស់បាននិយាយថា ក្រុមគ្រួសារអាចកំណត់អត្តសញ្ញាណមនុស្សជាទីស្រលាញ់ដែលបាត់ខ្លួនជាមុនតាមរយៈរូបថត ហើយបន្ទាប់មកកំណត់ពួកគេតាមរយៈបញ្ជីលម្អិតអំពីលក្ខណៈនៃរាងកាយនីមួយៗ។
មន្ត្រីមកពីរដ្ឋចំនួនប្រាំពីរនៃរដ្ឋ Assam, Bihar, Jharkhand, West Bengal, Tamil Nadu, Karnataka និង Andhra Pradesh ក៏មានវត្តមាននៅក្នុងស្រុក Balasore ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះនិងនាំយកសាកសពទៅផ្ទះ។
នៅល្ងាចថ្ងៃទី 2 ខែមិថុនា មនុស្សចំនួន 275 នាក់បានស្លាប់ និងប្រហែល 1,200 នាក់បានរងរបួស នៅពេលដែលរថភ្លើងដឹកអ្នកដំណើរបានបុកជាមួយរថភ្លើងដឹកទំនិញដែលឈប់នៅស្ថានីយមួយក្នុងសង្កាត់ Balasore នៃរដ្ឋ Odisha៕ ដោយធីរីណា
រូបថត : TTXVN-VNA