ជាលើកដំបូងអុីរ៉ង់បានបង្ហាញមីស៊ីលល្បឿនលឿនជាងសំឡេង

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ នាថ្ងៃអង្គារនេះ អ៉ីរ៉ង់បានបង្ហាញ មីស៉ីលបាលិស្ទីគល្បឿនលឿនជាងសំឡេង ដំបូងបំផុតរបស់ខ្លួន ខណៈសេចក្តីប្រកាសនេះ ទំនងជានឹងធ្វើឱ្យក្រុមលោកខាងលិច កាន់តែមានក្តីបារម្ភខ្លាំងថែមទៀត អំពីសមត្ថភាពមីស៉ីលរបស់ទីក្រុងតេហេរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់ បានចេញផ្សាយរូបភាពនៃមីស៉ីលហៃភើសូនិច (hypersonic) ខាងលើ ឈ្មោះថា ហ្វាតតា (Fattah) ដែលត្រូវបានដាក់ឱ្យបង្ហាញខ្លួន នៅក្នុងពិធីមួយ មានការចូលរួមដោយប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) និងក្រុមមេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។
មីស៉ីលហៃភើសូនិច អាចហោះក្នុងលឿនមួយដែលលឿនជាងល្បឿនសំឡេងយ៉ាងហោច ៥ដង ហើយធ្វើដំណើរក្នុងគន្លងផ្លូវស្មុគស្មាញ ដើម្បីឱ្យប្រព័ន្ធការពារដែនអាកាស ពិបាកក្នុងការបាញ់ស្ទាក់ពួកវា។ កាលពីឆ្នាំមុន អ៉ីរ៉ង់បានអះអាងថា ខ្លួនផលិតបានមីស៉ីលបាលិស្ទីគល្បឿនលឿនជាងសំឡេងមួយ ដែលអាចធ្វើដំណើរទាំងនៅក្នុង និងនៅក្រៅស្រទាប់បរិយាកាសផែនដីបាន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ល្បឿនអតិបរមារបស់មីស៉ីល Fattah គឺអាចដល់កម្រិតម៉ាក១៤ (១៥,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ឬលឿនជាងល្បឿនសំឡេង ១៤ដង)។
ទោះបីមានការជំទាស់ពីសហរដ្ឋអាមេរិកនិងអឺរ៉ុបយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់ធ្លាប់បានប្តេជ្ញាថានឹងបន្តអភិវឌ្ឍកម្មវិធីមីស៉ីលរបស់ខ្លួនដើម្បីការពារប្រទេស។ យ៉ាងណាក្តី ក្រុមអ្នកវិភាគផ្នែកយោធារបស់លោកខាងលិច យល់ឃើញថា អ៉ីរ៉ង់ពេលខ្លះហាក់អះអាងពន្លើសអំពីសមត្ថភាពមីស៉ីលរបស់ខ្លួន។ ក្តីកង្វល់ជុំវិញមីស៉ីលបាលិស្ទីគរបស់អ៉ីរ៉ង់បានកើនឡើង ក្រោយការសម្រេចចិត្តកាលពីឆ្នាំ២០១៨ របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥របស់អ៉ីរ៉ង់ ជាមួយមហាអំណាចចំនួន៦។ កិច្ចពិភាក្សាគ្នាមិនដោយផ្ទាល់រវាងទីក្រុងតេហេរ៉ង់ និងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនេះឡើយវិញ គឺបានបន្តជាប់គាំងចាប់តាំងតែពីខែកញ្ញា ឆ្នាំ២០២២មក៕

...

រូប​ថត​ : TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print