ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូវ៉ាជែងយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងដែលបើកបរបញ្រ្ចាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៩យប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៤ ត្រង់ចំណុចមុខបុរីពិភពថ្មីកួរស្រូវ៣ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ តក់ សុផា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជិតកន្លែងធ្វើការ ជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិជ្រួលថ្មី ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់(ជាជនរងគ្រោះ)បានជិះម៉ូតូមួយគ្រឿង ម៉ាកYamaha FZ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-9201 តាមបណ្ដោយផ្លូវលេខ១០៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជិះវ៉ាឆ្វេងរថយន្តមួយគ្រឿងមិនចាំម៉ាកក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងទៀត ពណ៌ត្រេអុីពាក់ផ្លាកលេខភ្នំពេញ 3C-5650 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្រ្ចាសទិសគ្នាពីកើតមកលិច ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកឯរថយន្តនិងអ្នកបើកបរត្រូវបានពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំបន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ និងបានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ឱ្យមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធី៕ ដោយ ៖ ភារ៉ា ដង្កោ