ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងបន្តចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀតនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាម​គ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដងរួចមកហើយកាលពីឆ្នាំ២០១៨។ សម្រាប់ជំនួបនៅថ្ងៃស្អែកនេះ គឺជាជំនួបលើកទី៣ហើយ។ ជំនួបថ្ងៃស្អែក មានកម្មក​រ​កម្មការិនីចូលរួមសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រ សហ​គ្រា​ស ចំនួន៥ ដែលកំពុងដំណើរការអាជីវកម្មក្នុង​ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា រោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ  ជាប្រភេទរោង​ចក្រកាត់​ដេរ​​ចំនួន៣, ផលិតផលធ្វើ​ដំណើរ និងកាបូបចំនួន១ និងដេរស្បែកជើងចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេសជប៉ុន។ល។ 

ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករ​និយោ​ជិតជាង ៥ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន​២០ មានកម្មករនិយោជិត​សរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការ​អភិវឌ្ឍ​រោងចក្រ សហ​គ្រាស​ច្រើន។

គេហទំព័រ Facebook , បណ្តាញ Telegram និង YouTube សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:00 ព្រឹក៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print