ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនប្រុសស្រីចំនួន៦នាក់ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីនៅព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៣នេះ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតមានប្រសាសន៌ថា នៅវេលាម៉ោង១២និង០០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល បានធ្វេីការល្បាតក្នុងភូមិសាស្ត្រទៅដល់ចំណុចកូនខ្ទមមួយកន្លែងជាប់ផ្លូវរថភ្លេីង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតក៏ឃើញជនមួយក្រុមនៅទីនោះ ។ ដោយមានការសង្ស័យព្រោះឃេីញមានមនុស្សផ្តុំគ្នាកន្លែងស្ងាត់កម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនដែលរួមមានឈ្មោះដូចជា:
១-ឈ្មោះ រុំ យឿក ភេទស្រី អាយុ៤៧ឆ្នាំ ជាប្រពន្ធម្ចាស់ខ្ទម(ជាអ្នកអង្គុយហុចថ្នាំញៀនឱ្យគេ)។
២-ឈ្មោះ សុង ពុទ្រា ភេទប្រុស អាយុ១៩ឆ្នាំ ។
៣-ឈ្មោះ ខន ខាន់ ភេទប្រុស អាយុ១៧ឆ្នាំ។
៤-ឈ្មោះ សុីម ពៅ ភេទប្រុស អាយុ២៩ឆ្នាំ។
៥-ឈ្មោះ ដន ចាន់រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ។
៦-ឈ្មោះ ផេង វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតមានប្រសាសន៌បញ្ជាក់ថាៈ ពេលនោះកម្លាំងនគរបាលក៏បានសុំធ្វេីការត្រួតពិនិត្យ ហេីយបានរកឃេីញម្សៅក្រាមពណ៌សថ្លាចំនួន ០៤ថង់តូច និង០២ថង់ធំល្មម ថ្នាំគ្រាប់ពណ៌ក្រហមម៉ាក(WY)ចំនួន១០៦គ្រាប់ ថ្នាំគ្រាប់ពណ៌បៃតងម៉ាកអក្សរ(A)ចំនួនមួយគ្រាប់ ដែលដកហូតយកចេញពីក្រោមគ្រែរបស់ប្តីម្ចាស់ខ្ទម ឈ្មោះ តាយួន និងសម្ភារសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួនដូចជា ដែកកេះកែច្នៃចំនួន០៥ បំពង់កែវកែច្នៃចំនួន០៥ ដបកែច្នៃចំនួន០៤ កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ កូនថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ឧបករណ៏ចូកថ្នាំញៀនចំនួន០២ រកឃេីញក្នុងខ្ទមខាងលេី។
តាមចម្លេីយរបស់ឈ្មោះ រុំ យឿក ភេទស្រីបានប្រាប់អោយដឹងថា ថ្នាំញៀននិងឧបករណ៏ប្រេីប្រាស់គ្រឿងញៀនខាងលេីជារបស់ប្តីខ្លួនដែលមានឈ្មោះ ធឿន ថ ហៅតាយួន អាយុ៤៦ឆ្នាំ ហេីយប្តីរបស់ខ្លួនបានចេញទៅក្រៅបាត់តាំងពីព្រឹកមិនដឹងទៅណាឡេីយ។
លុះដល់ម៉ោង១៦និង៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តរឃាត់ខ្លួនឈ្មោះ ធឿន ថ ហៅ តាយួន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិវៀតណាម ដកហូតក្រាមពណ៌សថ្លា ចំនួន០២ថង់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក២គ្រាប់ និងប្រដាប់ចូកថ្នាំញៀន០១ ថង់សម្រាប់ច្រកថ្នាំញៀន០១ ។
ក្រោយពីសួរនាំរួច កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕ ដោយវណ្ណា