ភ្នំពេញ: មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋានខណ្ឌទួលគោកម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូល្បាតក្នុងមូលដ្ឋានត្រូវបានបុរសជនជាតិចិនបេីករថយន្តបុកពេញទំហឹង កាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៦៥ កែងនឹងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុមន្ត្រីនគរបាលរងគ្រោះបានជិះម៉ូតូម៉ាកនិចពាក់ស្លាកលេខភ្នំពេញ1GQ-6567 ល្បាតនៅក្នុងមូលដ្ឋានដែលងាយរងគ្រោះ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែត្រូវបានបុរសជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BN-7635បុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួចនាំអ្នកបើករថយន្តបង្កនិងរថយន្ត រួមនឹងម៉ូតូជនរងគ្រោះទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការដោះស្រាយគ្នាតាមច្បាប់៕ ដោយ៖សុខាសែនជ័យ