ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តឡិចស៊ីសRX330បេីកបុកពេញទំហឹង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិអណ្តូង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលស្លាប់ឈ្មោះវាសនា ភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពត ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះហួរ មានស្រុកកំណេីតនៅខេត្តកំពង់ចាម។
រីឯជនបង្កហេតុឈ្មោះសុជាតិ រស់នៅភូមិស្រេជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1B-4752 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចសុីសRX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH -7620 ធ្វេីដំណេីរក្នុងទិសដៅបញ្ច្រាសទិសគ្នាហេីយបានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូដួលបោកនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ភ្លាមនោះរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបេីករត់រហូតទៅដល់សង្កាត់ឪឡោក ខណ្ឌកំបូល ទេីបប្រជាពលរដ្ឋដេញចាប់បានប្រគល់ជូនសមត្ថកិច្ច។
បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពហុព្យាបាលនិងសម្ភព ព្រហ្មវិហារ មកដឹកយកទៅសង្គ្រោះតែជាអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យប្រហែល២ម៉ោង ចំណែកម្នាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាល។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ ដោយ៖សុខាសែនជ័យ