ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) បានសាកល្បងដោយជោគជ័យនូវយន្តហោះគ្មានមនុស្សបើកបំផ្ទុះគ្រាប់បែកពហុ rotor ថ្មី។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim យន្តហោះគ្មានមនុស្សបើកខាងលើ (UAV) ត្រូវបានរចនា បង្កើត និងផលិតដោយអង្គការ Self-Help Jihad នៃ IRGC ។ នេះគឺជាផ្នែកមួយនៃគម្រោងមួយឈ្មោះថា Arbaeen របស់អុីរ៉ង់។
អ្នកជំនាញអុីរ៉ង់បាននិយាយថា នេះគឺជាគំរូ UAV ពហុរូតទម្ងន់ស្រាល ដែលអាចផ្ទុកគ្រាប់បែកទម្ងន់ 7 គីឡូក្រាម ហើយទម្លាក់លើគោលដៅពីកម្ពស់ 500 ម៉ែត្រ។ យន្តហោះនេះក៏អាចដឹកនិងបាញ់មីស៊ីលតូចៗ១០គ្រាប់ក្នុងពេលដំណាលគ្នានៅគោលដៅផ្សេងគ្នា។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតុលឡោះ អាលី ខាមីណៃ (Ayatollah Ali Khamenei) បាននិយាយថាលោកខាងលិចមិនអាចបញ្ឈប់អ៉ីរ៉ង់ ពីការផលិតអាវុធនុយក្លេអ៊ែរបាននោះទេ ប្រសិនបើទីក្រុងតេហេរ៉ង់ជ្រើសរើសយកការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ខណៈដែលភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែរ ហាក់មិនមានភាពធូរស្រាលទាល់តែសោះ។
នៅក្នុងសុន្ទរកថាមួយដែលត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក ខាមីណៃ បានគូសបញ្ជាក់ដូច្នេះថា «ការនិយាយពីអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់ គឺជារឿងកុហក ហើយពួកគេ (លោកខាងលិច) ក៏ដឹងច្បាស់ពីរឿងនេះដែរ។ យើងមិនចង់បានអាវុធនុយក្លេអ៊ែរឡើយ ឈរលើ គោលជំហរសាសនារបស់យើង។ ប៉ុន្តែពួកគេក៏មិនអាចបញ្ឈប់យើងបាននោះដែរ»។
បើតាមលោក ខាមីណៃ អ៉ីរ៉ង់មិនមានបញ្ហាអ្វីទេក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយលោកខាងលិច ប៉ុន្តែរឿងបែបនេះអាចធ្វើទៅបាន លុះត្រាតែ ហេដ្ឋារចនាសម្ព័ន្ធនៃឧស្សាហកម្មនុយក្លេអ៊ែររបស់អ៉ីរ៉ង់ មិនរងការខូចខាតឬគ្មាននរណាមកប៉ះពាល់៕ ដោយធីរីណា
រូបថត: tasnim news