រថយន្តក្រុងដឹកភ្ញៀវទៅចូលរួមពិធីអាពាហ៍ពិពាហ៍ជាង50នាក់បានក្រឡាប់កាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ 10នាក់ដែរនៅក្នុងតំបន់ស្រា Hunter នៃប្រទេសអូស្ត្រាលីភាគខាងជើងនៃទីក្រុងស៊ីដនី។
អាជ្ញាធរបាននិយាយថា មនុស្ស 25 នាក់ផ្សេងទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលពីរនាក់ត្រូវការបញ្ជូនតាមឧទ្ធម្ភាគចក្រ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ (ម៉ោងក្នុងតំបន់) នៅជិតទីក្រុង Greta ដែលល្បីខាងចម្ការទំពាំងបាយជូរ និងកន្លែងរៀបអាពាហ៍ពិពាហ៍។
រថយន្ដក្រុងដែលជួលដឹកភ្ញៀវចូលរួមពិធីមង្គលការនៅហាងស្រាក្នុងស្រុកមួយ បានរអិលចេញពីផ្លូវលំត្រង់រង្វង់មូលមួយបណ្ដាលឱ្យក្រឡាប់។
មូលហេតុពិតប្រាកដនៃការក្រឡាប់នោះកំពុងស្ថិតក្រោមការស៊ើបអង្កេត បើទោះជាក្រុមមន្ត្រីបាននិយាយថា អ័ព្ទក្រាស់មានវត្តមាននៅក្នុងតំបន់នោះនៅពេលកើតហេតុក្តី។
ជំនួយការស្នងការនគរបាលស្តីទី លោក Tracy Chapman បាននិយាយថា អ្នកបើកបរជាបុរសអាយុ 58ឆ្នាំ ត្រូវបានគេនាំទៅមន្ទីរឃុំឃាំង ដើម្បីធ្វើតេស្តគ្រឿងញៀន និងគ្រឿងស្រវឹង។
អ្នកស្រីបានបន្តថា៖ «អ្នកបើកបរកំពុងស្ថិតក្នុងការឃុំឃាំង។ ដោយសារនេះជាគ្រោះថ្នាក់ចរាចរណ៍ដែលមានលទ្ធផលធ្ងន់ធ្ងរ អ្នកបើកបរនឹងត្រូវប្រឈមមុខនឹងការស៊ើបអង្កេត»។
នាយករដ្ឋមន្រ្តី Anthony Albanese បានសម្តែងនូវ “ការអាណិតអាសូរបំផុត” របស់គាត់ចំពោះគ្រួសារនៃអ្នកស្លាប់និងរបួស។
លោក Albanese បានសរសេរនៅលើ Twitter ថា “ប្រជាជនអូស្ត្រាលីទាំងអស់បានភ្ញាក់ពីដំណេកជាលើកដំបូងចំពោះព័ត៌មានពេលព្រឹកដ៏សោកសៅ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើងចំពោះមនុស្សជាទីស្រលាញ់របស់អ្នកដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មរថយន្តក្រុងដ៏អាក្រក់នេះ៕ ដោយធីរីណា
រូបថត : congly.vn