ភ្នំពេញ៖ តាមរយៈរូបភាពពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ប្រភេទសត្វព្រៃជាច្រើនប្រភេទត្រូវបានថតនិងតក់ត្រាដែលខ្លះជាប្រភេទសត្វព្រៃកម្រ និងជិតផុតពូជផងដែរ។ រូបភាពទាំង ៤ សន្លឹកនេះរួមមានសត្វជ្រូកព្រៃ, ស្វាត្រូស, កាំប្រម៉ា, ក្តាន់ញ៉ែង។ នេះបេីតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី១៣ ខែមិថុនា ឆ្នាំ២០២៣។
លោករដ្ឋលេខាធិការរូបនេះ បានឱ្យដឹងទៀតថា ដោយសារកត្តាសុខសន្តិភាពពេញលេញ ការការពារនិងអភរិក្សធនធានធម្មជាតិមានភាពល្អប្រសើរ និងធ្វើឱ្យតំបន់ការពារធម្មជាតិកាន់តែមានសុវត្ថិភាពខ្ពស់ សត្វព្រៃដែលមានតួនាទីដ៏សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ត្រូវបានវាយតម្លៃថាក៏មានភាពល្អប្រសើរឡើង បើទោះបីជាកត្តាគំរាមកំហែងខ្លះនៅតែកើតមានចំពោះពួកគេដោយសារដាក់អន្ទាក់ និងការបរបាញ់សត្វ។
យោងតាមការសិក្សានៅតាមតំបន់ការពារធម្មជាតិនានា, ប្រភេទសត្វព្រៃមួយចំនួនមានការកើនឡើងជាពិសេសប្រភេទសត្វរកស៊ីនៅលើដើមឈើ និងសត្វស្លាប ចំណែកប្រភេទសត្វក្រចកជើងចំពាមភាគច្រើនដូចជាឈ្លូស ប្រើស ក្តាន់ ទន្សោង ខ្ទីង កែះជាដើម ទទួលរងនូវការគំរាមកំហែង និងមានចំនួនថយចុះដោយសារតែបញ្ហាអន្ទាក់។ សត្វព្រៃមួយចំនួនទៀតដូចជាសត្វជ្រូកព្រៃ នៅតំបន់ខ្លះឃើញមានវត្តមានកើនឡើង និងតំបន់ខ្លះមានចំនួនថេរ។
ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិរក្ស រួមនឹងសហគមន៍តំបន់ការពារធម្មជាតិដើម្បីដាក់ចុះនូវវិធានការចាំបាច់នានាដើម្បីកាត់បន្ថយកត្តាគំរាមកំហែងដោយផ្ទាល់ទៅលើធនធានធម្មជាតិតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ជម្រើសការងារ និងមុខរបរជូនសហគមន៍ និងការអប់រំផ្សព្វផ្សាយពៅផលប៉ះពាល់នៃអន្ទាក់និងកាំភ្លើងកែច្នៃទៅលើជីវិតសត្វ ជីវៈចម្រុះផ្សេងៗទៀត។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សសត្វព្រៃកម្ពុជាឱ្យនៅគង់វង្សដោយមិនបរបាញ់ មិនដាក់អន្ទាក់ និងមិនបរិភោគសាច់សត្វព្រៃ!៕ ដោយ៖សហការី