ភ្នំពេញ៖ បង្កើតឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីកម្មវិធីប្រគួតចម្រៀង The Voice Cambodia រដូវកាលទី៣ បានបង្ហាញមុខបេក្ខភាពប្រគួតដែលជាតារាចម្រៀងអាជីព២រូបដែលពោរពេញដោយសមត្ថភាព គឺលោក សាល បាទី និងលោក ឈិត សុវណ្ណ និមិត្ត ហៅទីងតុង ។ ការបង្ហាញមុខក្នុងវេទិការប្រគួតចម្រៀងមួយនេះ ក្នុងសប្តាហ៍ទី២វគ្គBlind Euditionsពួកគេច្រៀងបានយ៉ាងល្អរហូតទទួលបានការគាំទ្រខ្លាំងបន្ថែមពីកេរ្តិ៍ឈ្មោះដែលពួកគេមានស្រាប់។
តារាចម្រៀង២រូបនេះបានលើកយកបទចម្រៀង ដែលធ្លាប់ទទួលបានការគាំទ្រខ្លាំងមកធ្វើការប្រគួតតែម្តង ហើយវាបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងសម្រាប់ទស្សនិកជន ខណៈដែលគណកម្មការមានលោក ឆន សុវណ្ណរាជ លោក ណុបបាយ៉ារិទ្ធិ អ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកនាង ពេជ្រ សោភា គោះប៊ូតុង ដើម្បីដណ្តើមគ្នាយកពួកគាត់ជាកូនក្រុម។
តារាចម្រៀង សាលបាទីវិញ លោកបានលើកយកបទចម្រៀងផ្ទាល់ខ្លួនគឺបទក្រោមចំណងជើងថា”រស់ក្នុងសម្ពាធឯការ” ដែលជាបទចម្រៀងសំនៀងដើមរបស់លោកផងដែរហើយទទួលបានការគាំទ្រច្រើនលើសលប់នៅលើបណ្តាញសង្គមនានានោះ ហើយត្រូវបានលោកចាត់ទុកថាជាគ្រាប់ពេជ្រ របស់លោកផងដែរ។ គ្រាន់តែបង្ហើរសំនៀងភ្លាមលោកទទួលសំឡេងទះដៃយ៉ាងកងរំពងពីទស្សនិកជនភ្លាម និងជាហេតុផលដែលមិនអាចឲ្យគណកម្មការពេជ្រ សោភា និងឆន សុណ្ណរាជនទប់ចិត្តមិនបានទះប៊ូតុង និងដណ្តើមគ្នាយកតារាចម្រៀងរូបនេះជាកូនក្រុមផងដែរ។
ងាកមកចាប់អារម្មណ៍នឹងលោកឈិត សុវណ្ណ និមិត្ត ត្រូវបានទស្សនិកជនជាច្រើនបានស្គាល់ថាជាតារាពហុជំនាញតាមរយៈការងារសិល្បៈជាច្រើនរួមទាំងសិល្បៈចម្រៀងប្រពៃណី ជាអ្នកចម្រៀងសម័យ តារាសម្តែង និងជាពិធីករផងដែរ។ លោកបានលើកយកបទចម្រៀងមួយបទ គឺបទ “សុំពេលឈឺចាប់មួយគ្រា”។ ការលើកយកបទចម្រៀងនេះមកបកស្រាយបានយ៉ាងពិរោះរណ្តំចិត្ត និងអាចទាញចិត្តគណកម្មការទាំង៤រូបឲ្យគោះប៊ូតុងដណ្តើមយកមកធ្វើជាកូនក្រុមព្រោះតែលោកមានសមត្ថភាព ពិសេសទឹកដមសំនៀងនិងទេពកោសល្យសិល្បៈច្រើនផងដែរ។ ទោះជាយ៉ាងណាគេនៅចាំរងចាំតាមដានបន្តទៀតថាតើតារាចម្រៀងអាជីពទាំង២រូបនឹងអាចឆក់បានការគាំទ្រពីទស្សនិកជនយ៉ាងដូចម្តេចនៅវគ្គបន្តបន្ទាប់ទៀត៕
ដោយ វឌ្ឍនា