នៅក្នុងតំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃរបស់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោកស្រី អង់សានស៊ូជី នៅ
នេះជាលើកទី៣ហើយ ចាប់តាំងពីបានជាប់ឆ្នោតឡើងកាន់អំណាចនៅមីយ៉ានម៉ាលោកស្រី អ៊ុងសាន ស៊ូជី បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅបរទេសចំនួន២លើករួចមកហើយ ដោយដំណើរទស្សនកិច្ចមុនគេបង្អស់គឺទៅកាន់ប្រទេសចិន កាលពីខែមេសា (មុនពេលឡើងកាន់តំណែងជាផ្លូវការ) និងទី១ ទៅឡាវ កាលពីខែឧសភា។ ដំណើរទស្សនកិច្ចនៅក្នុងប្រទេសថៃ នៅថ្ងៃសុក្រនេះ គឺជាទស្សនកិច្ចក្រៅប្រទេសលើកទី៣។
លោកស្រីជ័យលាភីរង្វាន់ណូបែលសន្តិភាពបានធ្វើដំណើរមកដល់ព្រលានយន្តហោះក្រុងបាងកក នៅថ្ងៃត្រង់ ហើយនៅពេលល្ងាចបន្តដំណើរទៅមើលផ្សារត្រីដ៏ធំមួយនៅខាងត្បូងក្រុងបាងកក ទីដែលមានជនចំណាកស្រុកមីយ៉ាន់ម៉ាប្រមាណជា ១០ម៉ឺននាក់ កំពុងតែរស់នៅនិងធ្វើការដោយភាគច្រើនជាងអ្នកស៊ីឈ្នួលនេសាទ។
គួរបញ្ជាក់ថា នៅក្នុងចំណោមពលករបរទេសដែលកំពុងធ្វើការនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះមានភាគច្រើនលើសលុប (រហូតដល់ទៅប្រមាណជា ៨០%) គឺជាជនជាតិមីយ៉ាន់ម៉ាគិតជាសរុបពលករភូមាដែលកំពុងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃសព្វថ្ងៃនេះមានរហូតដល់ទៅជាង ១លាននាក់ ហើយនេះនៅមិនទាន់និយាយដល់អ្នកធ្វើការខុសច្បាប់ ដែលគេមិនអាចដឹងចំនួនពិតប្រាកដបាន។
ពលករភូមាភាគច្រើនធ្វើការជាអ្នកស៊ីឈ្នួលនេសាទ ហើយអ្នកខ្លះធ្វើការនៅក្នុងលក្ខខណ្ឌដ៏សែនលំបាក ដែលសមាគមនិងអង្គការសិទ្ធិមនុស្សជាច្រើនបានប្រៀបប្រដូចទៅនឹងទាសករ។ ពលករជាច្រើនដែលបានធ្វើដំណើរមកទទួលស្វាគមន៍លោកស្រី អ៊ុងសានស៊ូជី នៅថ្ងៃសុក្រនេះ បានបង្ហាញពីក្តីរំពឹងថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ាអាចនឹងមានការអភិវឌ្ឍន៍ ហើយបង្កើនទីផ្សារការងារ ដើម្បីឲ្យពួកគេអាចវិលត្រឡប់ទៅធ្វើការនៅក្នុងប្រទេសកំណើតរបស់ខ្លួនវិញ៕
ប្រែសម្រួល៖ សាធី