ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានចូលរួមបើកការដ្ឋានស្ថាបនាផ្លូវ២០០៤ (ផ្លូវសឡា) ជំហានទី២ ដោយចាក់បេតុងឆ្អឹងដែកប្រវែង១៥៧៨ម៉ែត្រ ទទឹង១៥ម៉ែត្រ កម្រាស់២តឹក ចំណាយវិកាអស់ប្រមាណជាង១លានដុល្លារអាម៉េរិក ថវិកា របស់សាលារាជធានីភ្នំពេញ ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីធានាបានរាល់ការដឹកជញ្ជូន រាល់មធ្យោបាយរថយន្ដធុនធ្ងន់គ្រប់ប្រភេទ ឆ្លងកាត់និងជួយសម្រួសរំដោះចរាចរណ៍ពីផ្លូវសហព័ន្ធរុស្ស៊ី ។ ការដ្ឋាននេះបានប្រព្រឹត្ដទៅកាលពីព្រឹកថ្ងៃទី២៩ខែកក្ដដាឆ្នាំ២០១៥។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ ថា៖ ផ្លូវលេខ២០០៤ (ផ្លូវសឡា) ស្ថាបនាជាផ្លូវបេតុងឆ្អឹងដែកក្នុងជំហានទី២ ប្រវែង១៥៧៨ម៉ែត្រ ទទឹង១៥ ម៉ែត្រ ចាប់ពីផ្លូវលេខ២៧១(អតីតបញ្ជាបង់ប្រាក់ទី១ពោចិនតុង) ដល់មហាវិថីសហព័ន្ធរុស្ស៊ី និងដាក់បំពង់លូ ទំហំ១,៥ ម៉ែត្រ សង្ខាងផ្លូវ ដែលអនុវត្តន៍ដោយក្រុមហ៊ុន មន្ទីរសាធារណការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងរយៈពេលស្ថាបនា ៣ ខែ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ផ្លូវសឡា នេះ ជាផ្នែកមួយនៃ ផ្លូវក្រវាត់ក្រុងទី២ តភ្ជាប់ពីផ្លូវសហព័ន្ធរុស្ស៊ី ។
ផ្លូវ២០០៤(សឡា)ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដកហូត ពីការវិនិយោគ យកប្រាក់ក្នុងការធ្វើដំណើរពីក្រុមហ៊ុនសឡា ដែលមានរយៈ ពេល២០ឆ្នំា បច្ចុប្បន្ន ជាផ្លូវដឹកជញ្ជូនចូលក្រុង យ៉ាងមមាញឹក ដែលជួបនូវបញ្ហាកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាប្រចាំ ហើយសភាពខូចខាត ជាជង្ហុក និងរណ្តៅធំៗ កន្លងមកក្រុមហ៊ុននេះមិនបានធ្វើការជួសជុលនោះទើបសាលារាជធានីភ្នំពេញសម្រេចដក់ហូតយកមកគ្រប់គ្រង់វិញ។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដោយយោងតាមកំណើនយានយន្ត ក្នុងរាជធានីភ្នំពេញ ទាំងម៉ូតូ និងរថយន្ត ធម្យោបាយផ្សេងៗទៀត មានការកើនឡើង ដូច្នេះដើម្បីដោះស្រាយ បញ្ហាចរាចរណ៍ដឹកជញ្ជូន ក្នុងក្រុង ឲ្យបានល្អប្រសើរ សាលារាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនា ផ្លូវហាណូយនេះ ដើម្បីជាលក្ខណៈ យុទ្ធសាស្ត្រយូរអង្វែង បំរើដល់ការដឹកជញ្ជូនធុនធ្ងន់។
អាជ្ញាធរ រាជធានីភ្នំពេញ ជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ គិតគូរពីការលំបាក របស់ប្រជាពលរដ្ឋ ដោយបានសម្រេចបើកការដ្ឋាន ស្ថាបនាផ្លូវខាងលើនេះ ជាផ្លូវបេតុងអាមេ និងធ្វើការពង្រីកឲ្យបាន ធំទូលាយជាងមុន ដើម្បីផ្តល់ភាពងាយស្រួល សំរាប់ការធ្វើដំណើរ និងជួយកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងប្រព័ន្ធគមនាគមន៍ នៅភាគខាងជើង និងខាងលិច រាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើង។
លោកបន្តថា៖ ការស្ថាបនាផ្លូវ ២០០៤ (សឡា) នេះ គឺកម្រាស់ពីរតឹក គឺលែងខ្លាចឡានធុនធ្ងន់ទៀតហើយ។ ផ្លូវនេះ ស្ថាបនាតាមស្តង់ដារ បច្ចេកទេសត្រឹមត្រូវ ជាផ្លូវក្រវាត់ក្រុងទីពីរ គឺតម្រូវការតាមស្តង់ដារ រថយន្តធុនធ្ងន់ ។ ផ្លូវនេះ ស្ថាបនាដូចគ្នានឹងផ្លូវ បឹងជើងឯក ផ្លូវវេងស្រេង និងផ្លូវទំនប់កប់ស្រូវ និងផ្លូវហាណូយដែរ ៕ ដោយ៖ សំរិត