ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុល
នៅក្នុងឱកាសនោះលោកចៅសង្កាត់ភ្នំពេញថ្មីបានឡើងមានមតិស្វាគមន៍ចំពោះថ្នាក់ដឹកនាំខណ្ឌសែនសុខទាំងអស់ និងជម្រាបជូនរបាយការណ៍ស្ដីពីការជួសជុលផ្លូវលេខ១៩៥៨ និងជួសជុលប្រព័ន្ធលូ នៅភូមិ-សង្កាត់ភ្នំពេញថ្មី។ ក្នុងនោះបានបញ្ជាក់ឲ្យដឹងពីការជួសជុលផ្លូវលេខ១៩៥៨ មានប្រវែងបណ្តោយ៥៧០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាក់ក្រាlកៅស៊ូ AC នៅភូមិទំនប់ និងជួសជុលប្រព័ន្ធលូ១ខ្សែ ប្រវែង១២០ម៉ែត្រ មានមុខកាត់១ម៉ែត្រ នៅផ្លូវលេខ១០១៩(ភ្នំពេញ-ហាណូយ) មុខផ្សាដីហុយ ក្នុងភូមិភ្នំពេញថ្មី ដែលជាគម្រោងរបស់ខណ្ឌសែនសុខឆ្នាំ២០១៦ នៅសង្កាត់ភ្នំពេញថ្មី ដោយចំណាយថវិកាចំនួន ៧២៨,៨២៤,០០០រៀល។
ជាមួយគ្នានេះដែរ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខបានមានមតិក្នុងពិធីនេះដោយលើកឡើងថា លោកមានក្ដីសោមនស្សរីករាយក្រៃលេង ដែលបានចូលរួមពិធីបើកការដ្ឋានចំនួន២នាពេលនេះដែលគម្រោងទាំងនេះមានការឯកភាពពីលោក អភិបាលរាជធានីភ្នំពេញនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។
លោកអភិបាលបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខទាំងមូល និងក្នុងនាមលោកផ្ទាល់សូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រទេសដែលនាំឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិកាដល់រដ្ឋថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខណ្ឌសែនសុខ ជារៀងរាល់ឆ្នាំដើម្បីធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយផ្តោតសំខាន់ទៅលើគម្រោងជាអាទិភាពគឺ ការស្ថាបនាផ្លូវ និងការដាក់លូរំដោះទឹកដោយមានលក្ខណៈល្អប្រសើរ និងមានគុណភាពខ្ពស់បំផុត។
បន្ទាប់មកលោកអភិបាលខណ្ឌបានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវ និងស្តារប្រព័ន្ធលូតាមគម្រោងខាងលើក្រោមស្នូរទះដៃអបអរសាទរពីអង្គពិធី៕
ដោយ៖ តុង សីហា