ភ្នំពេញ៖ យ៉ាងហោចណាស់មានស្នាមមេដាយពីអ្នកគាំទ្រ ពិសេសក្រុមសិល្បករប្រមាណជាង ៣០០នាក់ត្រូវបាន
លោក រដ្ឋ តារា ស្ថាបនិកក្រុម «គ្រួសារតារាកម្ពុជា» បានបញ្ជាក់ថា ក្រុម «គ្រួសារតារាកម្ពុជា» ដែលមានសមាជិកជាសិល្បករជាច្រើននិងលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានពិភាក្សាគ្នានិងសម្រេចធ្វើញត្តិថ្កោលទោសករណីធ្លាយរូបថតស្រាតរបស់តារាចម្រៀង វ៉ាន់ នីឡា។
លោកបន្តថា ញត្តិនេះនឹងត្រូវប្រគល់ជូនក្រសួងវប្បធម៌និងក្រសួងព័ត៌មាននៅដើមសប្ដាហ៍ក្រោយគឺបន្ទាប់ពីការប្រមូលស្នាមមេដៃរបស់តារាសិល្បៈត្រូវបានបញ្ចប់នៅសប្តាហ៍នេះ។ លោកបន្តទៀតថា មានស្នាមមេដៃជាង ៣០០មេដៃគិតត្រឹមល្ងាចថ្ងៃទី២៤ ខែមិថុនា ត្រូវបានតារាសិល្បៈរួមមានទាំងក្រុមផលិតករនិងអ្នកគាំទ្រផ្ដិតលើញត្តិមួយដើម្បីថ្កោលទោសដល់ជនអនាមិកដែលបានបង្ហោះរូបស្រាតទាំងនោះ។ លោកលើកឡើងដែរថា យោងតាមខ្លឹមសារនៃញត្តិនោះគឺចង់ឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងស្ថាប័នពាក់ព័ន្ធជំរុញឲ្យមានចំណាត់ការផ្លូវច្បាប់លើអ្នកបង្ហោះរូបដើម្បីទប់ស្កាត់កុំឲ្យមានការបង្ហោះរូបប្រភេទអនាចារបែបនេះកើតឡើងទៅលើតារាសិល្បៈជាថ្មីម្តងទៀត។
ប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច អះអាងថា ជារឿងភ្ញាក់ផ្អើលដែលតារាសិល្បៈនិងអ្នកគាំទ្រក្នុងចំនួនរហូតដល់រាប់រយនាក់បានរួមគ្នាជួយដល់តារាចម្រៀង វ៉ាន់ នីឡា ដែលរងគ្រោះពីការបំផ្លាញកិត្តិយសដោយជនអនាមិក។
លោកបញ្ជាក់ថា អ្នកបង្ហោះគឺមានចេតនាបន្ទាបបន្ថោកតម្លៃវប្បធម៌និងសីលធម៌សង្គមរបស់ខ្មែរ ដែលក្នុងនាមតារាសិល្បៈត្រូវតែធ្វើការថ្កោលទោស។ លោកថា គោលបំណងក្នុងការប្រគល់ញត្តិលោកចង់ឲ្យក្រសួងជួយជំរុញផ្លូវច្បាប់ក្នុងការស្វែងរកឲ្យឃើញនូវជនអនាមិក ព្រោះបើករណីលើកនេះនៅតែមានលទ្ធផលគឺមានន័យថានឹងមានជនអនាមិកច្រើនទៀតធ្វើឲ្យអាប់អោនដល់តម្លៃសង្គមនៅពេលក្រោយ។ លោកថា ញត្តិដែលដែលធ្វើរួចនឹងយកទៅប្រគល់ជូនក្រសួងវប្បធម៌នៅអំឡុងថ្ងៃចន្ទឬថ្ងៃអង្គារដើមសប្ដាហ៍ក្រោយ។ ដោយឡែកសម្រាប់ក្រសួងព័ត៌មានវិញ តារាសិល្បៈទាំងអស់មិនទាន់កំណត់ថ្ងៃយកទៅទេ។ លោករំពឹងថា ក្រសួងនឹងទទួលយកញត្តិថ្កោលទោសនេះ ហើយញត្ថិនេះមិនមានការពាក់ព័ន្ធនឹងរឿងនយោបាយណាមួយដែរ។
លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថា លោកទទួលបានដំណឹងនៃការគ្រោងប្រគល់ញត្តិមកដល់ក្រសួងហើយ ហើយលោកនឹងទទួលប៉ុន្តែលោកក៏ស្នើឲ្យមានតែតំណាងសិល្បករពី៣ទៅ៤នាក់ប៉ុណ្ណោះដើម្បីកុំឲ្យមានចលាចល។ លោកថាករណី កញ្ញា វ៉ាន់ នីឡាមិនមែនជារឿងធំដុំពេកដែលត្រូវធ្វើញត្តិនោះទេ។ ទោះជាយ៉ាងណាក្រសួងមិនទាន់ច្បាស់ថានឹងមានចំណាត់ការជួយអ្វីដល់កញ្ញា វ៉ាន់ នីឡា នៅឡើយទេ ដោយលោកទទូចឲ្យនាងស្វះស្វែងតាមផ្លូវច្បាប់ជំនួសវិញ។
គួរបញ្ជាក់ដែរថា តារាចម្រៀងប្រចាំផលិតកម្ម Pleng Record កញ្ញា វ៉ាន់ នីឡា ត្រូវបានគេទម្លាយរូបថតអាក្រាតកាយច្រើនសម្លឹកនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ រូបថតទាំងនោះ ត្រូវកញ្ញាទទួលស្គាល់ថា គឺជារូបពិត ដោយសារតែមុនទម្លាយចេញនូវរូបថតអាស្រូវទាំងនេះ កញ្ញា គឺបានប្រកាសថា មានរឿងឈ្លោះគ្នាខ្លាំងក្លាជាមួយអតីតសង្សារ ដោយបុរសម្នាក់នោះបានគំរាមរូបនាង ដើម្បីបង្ហោះរូបថតអាក្រាត។ ទោះជាយ៉ាងណាក្រុមគ្រួសារនាងបានដាក់បណ្តឹងទៅកាន់សមត្ថិកិច្ចក្រសួងមហាផ្ទៃគឺបានធ្វើហើយកាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។ រហូតមកដល់ពេលនេះពាក្យបណ្តឹងត្រូវបានបញ្ជូនដល់តុលាការរួចហើយ ដោយព្រះរាជអាជ្ញារងម្នាក់ជាអ្នកកាន់ និងកំពុងឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតនៅឡើយ៕
ដោយ៖ វឌ្ឍនា