ភ្នំពេញ : នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខារួមគ្នា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖
– ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ» និង
– ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ប្រមាណ ១៥,១៨ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣»។
សូមបញ្ជាក់ថា : រាជរដ្ឋាភិបាលប្រទេសជប៉ុន មានទំនាក់ទំនងល្អ សហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ដ៏យូរអង្វែង ។ ជប៉ុនជួយជំនួយ គ្មានសំណង ជាច្រើនស្ទើរគ្រប់វិស័យ។ ក្រៅពីនោះរាជរដ្ឋាភិបាលជប៉ុន ក៏បានចូលរួមចំណែក ផ្តល់ឥណទានសម្បទានផ្សេងៗ ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន តែលើកសរសើរពី ប្រជាពលរដ្ឋជប៉ុន រាជរដ្ឋាភិបាលជប៉ុន ពិតជាមិត្តដ៏ល្អជាមួយកម្ពុជា ៕
ដោយ : សិលា