ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ មានជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួន បន្ទាប់ពីធ្វេីសកម្មភាពលួច (លុយ និងទ្រព្យសម្បត្តិ) កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧និង២០នាទី ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវសាគូរ៉ា បុរីភ្នំពេញថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ីង ឱរ៉ុម ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិ ខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ០៧ ផ្លូវសាគូរ៉ា បុរីភ្នំពេញថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យម្នាក់ ដែលឃាត់ខ្លួនមានឈ្មោះ រ៉ា ឆវីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីលានចាក់សម្រាម ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលខណ្ឌដង្កោ បានឱ្យដឹងទៀតថា ៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ីង ឱរ៉ុម បានចេញពីផ្ទះលេខ០៧ ផ្លូវសាគូរ៉ា បុរីភ្នំពេញថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ទៅចូលរួមកម្មវិធី នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបានចាក់សោរផ្ទះត្រឹមត្រូវ តែមិនច្បាស់ថា បានចាក់សោរបន្ទប់រឺអត់នោះទេ ។ រហូតដល់វេលាម៉ោង១៩និង៣០នាទីថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានត្រឡប់មកផ្ទះវិញ ឃើញបន្ទប់ដេកមានសភាពធម្មតា រួចក៏ពុំបានចាប់អារម្មណ៍អ្វីដែរ រហូតដល់វេលាម៉ោង១៤និ០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្រាប់តែបុគ្គលិករបស់ជនរងគ្រោះដែលស្នាក់នៅទល់មុខបន្ទប់របស់ជនរងគ្រោះក្នុងផ្ទះជាមួយគ្នា បានឃើញក្នុងបន្ទប់មានសភាពរើកកាយរញ៉េរញៃ ក៏ប្រាប់ជនរងគ្រោះឱ្យបានដឹង រួចជនរងគ្រោះមានការសង្ស័យថា មានចោរចូលលួច ក៏បានរកមើលសម្ភារៈដែលទុកនៅក្នុងបន្ទប់ដេក និងបន្ទប់ធ្វើការរបស់ជនរងគ្រោះ ស្រាប់តែបាត់សម្ភារៈ ១/ចិញ្ចៀនផ្លាកទីនដាំត្បូងពណ៌សចំនួន០១វង់, ២/ទូរស័ព្ទដៃម៉ាកOPPOពណ៌ខ្មៅចំនួន០១គ្រឿង, ៣/ដងកាមេរ៉ាចំនួន០១, ៤/កាសទូរស័ព្ទដៃចំនួន០១, ៥/លុយ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។ ហើយជនរងគ្រោះក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅផ្ទះរបស់ជនរងគ្រោះ បានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ឡើងតាមវ៉េរ៉ង់ដា ចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ លួចយកទ្រព្យសម្បត្តិខាងលើ នៅវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។
លុះដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី ស្រាប់តែឃើញជនសង្ស័យឈ្មោះ រ៉ា ឆវីន ដែលបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដើរកាត់មុខផ្ទះជនរងគ្រោះ រួចជនរងគ្រោះក៏បានទៅប្រាប់សន្តិសុខបុរីភ្នំពេញថ្មី ឱ្យជួយអន្តរាគមន៍ឃាត់ឈ្មោះ រ៉ា ឆវីន ភេទប្រុស អាយុ២១ឆ្នាំ រួមនិងវត្ថុតាង យកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សម្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។ បន្ទាប់ពីមានចម្លើយសារភាព របស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ ដោយ ៖ ភារ៉ា ដង្កោ