ភ្នំពេញ÷នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបំបែកសំណុំរឿងករណីលួចចូលកាន់កាប់គណនីធនាគារ និងលួចដកប្រាក់បានចំនួន ១០ម៉ឺនដុល្លារអាមេរិក ដែលជនរងគ្រោះបានបង្ហោះតាមបណ្តាញសង្គមហ្វេសបុកនាពេលថ្មីៗនេះ។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងនាយក ដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំបុកក្រុមជនសង្ស័យ ពាក់ព័ន្ធនឹងករណីលួចចូលកាន់កាប់គណនីធនាគារ និងដកប្រាក់សរុបប្រមាណចំនួន ១០ម៉ឺនដុល្លារអាមេរិក ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោយការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងទទួលផែន ។
ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឹងម៉ាត់ លោកឧត្តម សេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំបញ្ជាផ្ទាល់ និងធ្វើការស្រាវជ្រាវករណីលួចក្លែងបន្លំបើកយកលេខទូរស័ព្ទ និងឈានទៅកាន់កាប់យកគណនីធនាគាររបស់ជនរង គ្រោះ ហើយផ្ទេរប្រាក់អស់ចំនួន ១០០,៤០០ ដុល្លារសហរដ្ឋអាមេរិក ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដូចខាងក្រោម ៖
ទី១- ឈ្មោះ ហ៊ុន ច័ន្ទសុភ័ក្រ្ក ភេទប្រុស អាយុ២៨ឆ្នាំ ជាមុខសញ្ញាសកម្មពាក់ព័ន្ធ ករណីឆបោកនិងក្លែងអត្តសញ្ញាណ (បច្ចុប្បន្នឃុំខ្លួនបណ្ដោះសន្នពាក់ព័ន្ធ នឹង បទល្មើស លួច.ចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យ.ក្លែងបន្លំនិងបទប្រើប្រាស់លិខិតក្លែង)
ទី២- ឈ្មោះ លឿង សុគន្ធា អាយុ៤៥ឆ្នាំ ត្រូវជាម្ដាយរបស់ឈ្មោះ ហ៊ុន ច័ន្ទសុភ័ក្រ្ក ជាអ្នកទទួលប្រាក់ និងបានយកប្រាក់នោះទៅដើរទិញមាសពីហាងលក់មាស ចំនួន ៣ កន្លែងក្នុងរាជធានីភ្នំពេញ និងបានប្រគល់មាសទាំងនោះទៅឱ្យ ហ៊ុន ច័ន្ទសុភ័ក្រ វិញ។
ទី៣- ឈ្មោះ ស៊ីណាត ស៊ីណា អាយុ៣២ឆ្នាំ ជាមុខសញ្ញាចាស់ពាក់ព័ន្ធនឹងករណីឆបោក និងក្លែងអត្តសញ្ញាណ ព្រមទាំងបទល្មើសគ្រឿងញៀន ។
បច្ចុប្បន្ន មន្រ្តីជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕