សេចក្តីប្រកាសរួម រវាងអាមេរិក និងឥណ្ឌា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Narendra Modi

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅកាន់អាមេរិក នៅថ្ងៃទី ២២ខែមិថុនា មេដឹកនាំប្រទេសទាំងពីរ បានចេញសេចក្តីប្រកាសរួម បញ្ជាក់ពីសារសំខាន់នៅក្នុងទំនាក់ទំនងយុទ្ធសាស្ត្រលើពិភពលោករវាងអាមេរិកនឹងឥណ្ឌា។

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោក ណារិនដ្រា ម៉ូឌី បានបង្ហាញការស្វាគមន៍ចំពោះការមកដល់នៃយុគសម័យថ្មីមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ បន្ទាប់ពីសេតវិមានក្រាលកម្រាលព្រំក្រហមទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ និងសង្កត់ធ្ងន់ពីការចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ ព្រមទាំងពាណិជ្ជកម្ម សំដៅទប់ទល់ការកើនឡើងឥទ្ធិពលចិន។
ថ្លែងប្រាប់លោក ម៉ូឌី នៅឯពិធីលៀងសាយភោជន៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «មហាប្រទេសទាំង២ មហាមិត្តទាំង២ និងមហាអំណាចទាំង២ជល់កែវឡើង!»។ ចំណែក លោក ម៉ូឌី បានឆ្លើយតបវិញថា «អ្នក (លោក បៃដិន) និយាយប្រកបដោយភាពទន់ភ្លន់ ប៉ុន្តែនៅពេលដែលធ្វើសកម្មភាព អ្នកពិតជាខ្លាំងអស្ចារ្យមែន»។
សហរដ្ឋអាមេរិក និងឥណ្ឌា មិនមែនជាសម្ព័ន្ធមិត្តផ្លូវការដោយចងភ្ជាប់ដោយសន្ធិសញ្ញាអ្វីនោះទេ ហើយឥណ្ឌាក៏បានប្រកាន់គោលការណ៍ឯករាជ្យអស់រាប់ទសវត្សរ៍មកដែរ។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន ត្រូវការឥណ្ឌាជាដៃគូយុទ្ធសាស្ត្រដើម្បីទប់ទល់ជាមួយចិន។ នៅក្នុងសេចក្ដីថ្លែងការណ៍រួម ទាំងលោក បៃដិន និងលោក ម៉ូឌី មិនបានរិះគន់ចិនដោយផ្ទាល់នោះទេ ប៉ុន្តែបាននិយាយដោយប្រយោលពីសកម្មភាពសម្លុតគំរាមនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដែលជារឿយៗទីក្រុងវ៉ាស៊ីនតោនតែងតែធ្វើការចោទប្រកាន់បែបនេះដាក់ចិន។
ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់សហរដ្ឋអាមេរិក បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការនិងក្រុមសកម្មជនការពារសិទ្ធិមនុស្សដែលបានចោទប្រកាន់រដ្ឋាភិបាលរបស់លោក ម៉ូឌីថាបាននិងកំពុងគាបសង្កត់លើអ្នកនយោបាយប្រឆាំង និងបំពានសិទ្ធិមនុស្ស ក៏ដូចជាជំនឿសាសនា។ ប៉ុន្តែ លោក ម៉ូឌី បានអះអាងថា នៅឥណ្ឌាគ្មានការរើសអើងពាក់ព័ន្ធនឹងជំនឿសាសនានោះទេ៕ ដោយធីរីណា

...

រូប​ថត​:vov.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print