ខេត្តរតនគិរី÷ បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជា ជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។
បណ្ឌិត ហ៊ុន ម៉ាណែតបានថ្លែងថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងខេត្តរតនគិរីផ្ទាល់ ដែលបានប្រែ ក្លាយពីខេត្តដាច់ស្រយាល មកជាខេត្តដែលកំពុងខិតកៀកជិតទៅនឹងបណ្តាខេត្តដទៃនានាទូទាំងប្រទេស តាមរយៈការធ្វើពិពិធកម្មលើគ្រប់វិស័យ។ ជាក់ស្តែងការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដ៏សម្បូរបែប បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច-សង្គម នៅក្នុងខេត្តនេះ កាន់ តែមានភាពរស់រវើក ហើយក៏បានបើកឱកាសរីកចម្រើនផ្នែកជីវភាពដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ជនជាតិនៅក្នុងខេត្តរតនគិរី ទាំងក្នុងពេលបច្ចុប្បន្ន និងតកូនចៅជាច្រើនជំនាន់ទៅមុខទៀត ។
វឌ្ឍនភាពនេះ មិនមែនកើតទ្បើងដោយចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលជំហរដឹកនាំរឹងមាំក្នុងបុព្វហេតុឥតប្រែប្រួលរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិ និងប្រជាជន ដែលត្រូវបានកំណត់ជាគោលនយោបាយអាទិភាពចម្បងបំផុតចាប់ តាំងពីថ្ងៃកំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំគណ បក្សប្រជាជនកម្ពុជា បានបញ្ចប់ទាំងស្រុងនូវសង្គ្រាម និងជម្លោះបែកបាក់ផ្ទៃក្នុង ដោយនាំមកនូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តជាង ៥០០ ឆ្នាំ របស់កម្ពុជា ។
លើសពីនេះក្នុងគ្រប់ដំណាក់កាលទាំងអស់នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ គឺ សម្តេចតេជោ,ថ្នាក់ដឹកនាំនិងសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជាក៏បានតម្កល់ការសង្គ្រោះអាយុ ជីវិតរបស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បងបំផុតដោយក្នុងនេះ សម្តេចតេជោបានវាយតម្លៃសភាពការណ៍ ច្បាស់លាស់ និងហ៊ានធ្វើការអារកាត់សម្រេចចិត្តបានត្រឹមត្រូវ និងទាន់ពេលវេលា ទាំងតាមរយៈការបង្ការការ ពារ,ការព្យាបាល,ការចាក់វ៉ាក់សាំង និងការជួយ ឧបត្ថម្ភទំនុកបម្រុងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រហូតឈានដល់ការបើកដំណើរការប្រទេសជាប្រក្រតី និងមានលំនឹងស្ថិរភាពទ្បើងវិញ ដូចសព្វថ្ងៃនេះ៕ ដោយ៖សុរិយា