នារីម្នាក់បើករថយន្តលឿនជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់មួយកង់ចំណែករថយន្តដាច់កង់មុខ

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់បើករថយន្តក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ចំណែករថយន្តដាច់កង់មួយចំហៀង ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ៤ទៀបភ្លឺថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង់ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Ford Ranger ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BS-9622 បើកបរដោយនារីរូបស្រស់ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ ពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ខ្ទាតទៅផ្លូវម្ខាងទៀត ចំណែករថយន្ត បានដាច់កង់មុខចំហៀងខាងឆ្វេង ខ្ទាតទៅលើចិញ្ចើមផ្លូវ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ទៅដល់អ្នកបើកបររថយន្តនិងអ្នករួមដំណើរតាមដងផ្លូវ ។
ក្រោយកើតហេតនារីអ្នកបើករថយន្ត បានចុះពីរថយន្តឡើងកង់បី ជិះគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារថ្មីទី២ បានចុះមកដល់ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្ត ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print