ខេត្តបាត់ដំបង៖ កម្លាំងជំនាញ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះទៅទទួលគ្រាប់មិនទាន់ផ្ទុះចំនួន ០៤គ្រាប់ ប្រភេទ60mm, T69 និងគ្រាប់82mm ពីមន្រ្តីនគរបាលខេត្តបាត់ដំបង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញស្រុករុក្ខគិរី និងស្រុកមោងឫស្សី។
តាមការបញ្ជាក់ពីមន្រ្តីនគរបាលមូលដ្ឋាន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនៃអធិការដ្ឋានស្រុករុក្ខគិរី និងស្រុកមោងឫស្សី កាលពីថ្ងៃទី២៣ ខែមិថុនាម្សិលមិញនេះ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឱ្យទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន ០២ករណីផ្សេងគ្នា ។
ជាក់ស្ដែងករណីទី១ នគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកជីក បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០៤គ្រាប់ ប្រភេទ60mm ចំនួន ០១គ្រាប់, T69 ចំនួន០២គ្រាប់ និងគ្រាប់82mm ចំនួន០១គ្រាប់ អោយបន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។
ដោយឡែកករណីទី២ នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃតូច បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទមីនផ្កាច័ន្ទ ចំនួន ០១គ្រាប់ អោយបន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ កម្លាំងនគរបាលស្រុករុក្ខគិរី និងស្រុកមោងឫស្សី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕ដោយ៖សហការី