រុស្ស៊ីនឹងមិនប្រាប់អាមេរិកពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនៅប្រទេស បេឡារុស្សនោះឡើយ

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ដែលនិយាយថា រុស្ស៊ីនឹងមិនជូនដំណឹងដល់សហរដ្ឋអាមេរិកអំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលខ្លួនមាននៅក្នុងប្រទេសបេឡារុស្ស ឬអំពីការសាកល្បងគ្រាប់បែក Poseidon ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ។

ទីក្រុងមូស្គូ និងទីក្រុង Minsk បាននិយាយថា បេឡារុស្ស បានចាប់ផ្តើមទទួលអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ឬហៅម្យ៉ាងទៀតថា អាវុធនុយក្លេអ៊ែររយៈចម្ងាយខ្លីពីរុស្ស៊ី ដែលប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយជាសាធារណៈថា លោកនឹងដាក់ពង្រាយនៅទីនោះ ចំពេលភាពតានតឹងជាមួយរុស្ស៊ីកើនឡើង បន្ទាប់ពីរុស្ស៊ីវាយប្រហារអ៊ុយក្រែន។
ក្នុងពេលនេះដែរ អាមេរិកបានបើកកិច្ចប្រជុំស្តីពីអាវុធនុយក្លេអ៊ែរ ជាមួយចិន រុស្ស៉ី បារាំង និងចក្រភពអង់គ្លេស ក្នុងខែមិថុនានេះ។ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកក្នុងខែមិថុនានេះ បានបើកកិច្ចប្រជុំមួយជាមួយក្រុមអ្នកជំនាញមកពីចិន រុស្ស៉ី បារាំង និងចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីបញ្ហានៃអាវុធនុយក្លេអ៊ែរ ក្នុងនោះរួមមានទាំងមធ្យោបាយ ដើម្បីកាត់បន្ថយហានិភ័យយុទ្ធសាស្រ្តផងដែរ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ខឺប៊ី (John Kirby) បាននិយាយថា កិច្ចពិភាក្សាខាងលើ ស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសន្ទនាជាទៀងទាត់មួយដែលបន្តរហូតមក។ បើតាមក្រសួងការបរទេសអាមេរិក ទីក្រុងវ៉ាស៉ីនតោនបានរៀបចំកិច្ចប្រជុំនោះ កាលពីថ្ងៃទី១៣-១៤ ខែមិថុនា នៅឯទីក្រុងគែរនៃប្រទេសអេហ្ស៉ីប រវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំង៥ ហើយបានពិពណ៌នាវាថា ជាការពិគ្រោះយោបល់គ្នានៅក្រោមបរិបទនៃសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ NPT។
សន្ធិសញ្ញា NPT ដែលបានចូលជាធរមានកាលពីឆ្នាំ១៩៧០ មានគោលដៅបញ្ឈប់ការរីកសាយ នៃសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ ហើយផ្តល់ការធានាដល់សិទ្ធិរបស់ប្រទេសជាសមាជិកក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរសម្រាប់បម្រើគោលដៅសន្តិភាព។ សន្ធិសញ្ញានេះអនុញ្ញាតឱ្យអាមេរិក ចិន រុស្ស៉ី បារាំង និងអង់គ្លេស ដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ រក្សាទុកអាវុធនុយក្លេអ៊ែររបស់ពួកគេដដែល។
បើតាមអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអាមេរិក ក្រុមអ្នកជំនាញដែលមកពីក្រសួងការបរទេស និងក្រសួងការពារជាតិរបស់ប្រទេសទាំង៥ ក៏បានជួបពិភាក្សាគ្នា នៅទីក្រុងឌូបៃនៃប្រទេស អេមីរ៉ាត់ អារ៉ាប់រួម កាលពីខែកុម្ភៈ ឆ្នាំនេះផងដែរ ដែលជាផ្នែកនៃកិច្ចសន្ទនានៅក្រោមក្របខ័ណ្ឌសន្ធិសញ្ញា NPT ដែលបច្ចុប្បន្នសហរដ្ឋអាមេរិក គឺជាប្រធាន៕ ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print