យន្តហោះយោធាចិន៨គ្រឿងហោះមកកៀកនឹងតំបន់ឆ្នេររបស់កោះតៃវ៉ាន់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា នាថ្ងៃសៅរ៍នេះយន្តហោះយោធាចិន៨គ្រឿងបានបើកឆ្លងខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ហើយហោះមកកៀកនឹងតំបន់សមុទ្រតភ្ជាប់របស់ដែនកោះនេះ ដែលមានចម្ងាយ៤៤គីឡូម៉ែត្រពីឆ្នេរតៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គិតចាប់តាំងពីខ្ទង់ម៉ោង៨ព្រឹកថ្ងៃសៅរ៍នេះ ខ្លួនបានប្រទះឃើញយន្តហោះយោធាសរុប១៩គ្រឿងរបស់ចិន រួមមានទាំងយន្តហោះចម្បាំង J-10 និង J-16 ដោយក្នុងចំណោមនោះ៨គ្រឿងបានហោះឆ្លងខ្សែបន្ទាត់មេដ្យាន ហើយធ្វើដំណើរឆ្ពោះមកកៀកនឹង ចំណុច៤៤គីឡូម៉ែត្រខាងលើ។ ក្នុងពេលទន្ទឹមគ្នា ក្រសួងការពារជាតិតៃវ៉ាន់ក៏បានប្រទះឃើញនាវាយោធាចិន៥គ្រឿងធ្វើប្រតិបត្តិការល្បាតផងដែរ។
ក្នុងរយៈពេលប្រមាណជា៣ឆ្នាំចុងក្រោយនេះ កងទ័ពអាកាសចិន បានចល័តយន្តហោះរបស់ខ្លួនជាប្រចាំ ចូលទៅកាន់ដែនអាកាស ដែលនៅជុំវិញកោះតៃវ៉ាន់ ហើយចាប់តាំងពីខែសីហា ឆ្នាំ២០២២មក ខ្លួនបានបញ្ជូនយន្តហោះយ៉ាងទៀងទាត់ឱ្យហោះឆ្លងខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ថែមទៀត ដែលកាលពីមុន វាធ្លាប់ត្រូវចាត់ទុកជាព្រំប្រទល់មិនផ្លូវការ រវាងភាគីទាំងពីរ។
តំបន់សមុទ្រតភ្ជាប់ឬ contiguous zone របស់តៃវ៉ាន់ ត្រូវបានកំណត់ថា មានចម្ងាយ៤៤គីឡូម៉ែត្រ រាប់គិតចាប់ពីឆ្នេររបស់ដែនកោះនេះ ខណៈដែលដែនដីសមុទ្ររបស់តៃវ៉ាន់ផ្ទាល់ គឺមានចម្ងាយ២២គីឡូម៉ែត្រ រាប់ចាប់ពីឆ្នេរ។ ទោះបីជាយោធាចិនបានបង្កើនសកម្មភាពខ្លាំងក៏ដោយ ក៏មកទល់ពេលនេះ រដ្ឋាភិបាលកោះតៃវ៉ាន់មិនទាន់ធ្លាប់បានរាយការណ៍ថា មានយន្តហោះយោធាចិនបើកឆ្លងចូលមកក្នុងតំបន់ តភ្ជាប់ឬដែនអាកាសរបស់ខ្លួនផ្ទាល់នៅឡើយទេ៕ ដោយធីរីណា

...

រូប​ថត​: thanhnien.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print