ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា បទល្មើសនេសាទខុសច្បាប់ជាច្រើន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះបង្រ្កាបចំនួន៣កន្លែងក្នុងភូមិសាស្ត្រស្រុកឯកភ្នំ រួចដកហូតយកមកដុតបំផ្លាញចោល នៅនឹងកន្លែង។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកឯកភ្នំ កាលពីម្សិលមិញនេះ បានចុះបង្រ្កាបបទល្មើសជលផលនៅពាមស្ទឹងសង្កែ និងលំហរបឹងទន្លេសាប (ខាងកើតអតីតឡូតិ៍លេខ២) ០១លើក នៅចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចំរុះសរុបចំនួន ២២នាក់។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៨គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន ០៣ករណី មានដូចខាងក្រោម៖
*១.ចំណុចកញ្ចូមព្រែកស្ពត ភូមិព្រែកទាល់
-សាច់មងប្រវែង ៨០០ម៉ែត្រ
-បង្គោល ៣៥០ដើម
-ឡុកចំនួន ០៣គ្រឿង
*២.ចំណុចកោះក្រង ភូមិព្រែកទាល់
-សាច់មងប្រវែង ៥០០ម៉ែត្រ
-បង្គោល ២០០ដើម
-ឡុកចំនួន ០២គ្រឿង
-កូនត្រីចម្រុះ ១០គីឡូ
*៣. ចំណុចព្រះដើមឈើ ភូមិព្រែកទាល់
-សាច់មងប្រវែង ៦៥០ម៉ែត្រ
-បង្គោល ២៥០ដើម
-ឡុកចំនួន ០៣គ្រឿង
-ត្រីចម្រុះ ១៥គីឡូ ។
គួរបញ្ជាក់ថា ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបាន សមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕ដោយ៖សហការី