ខេត្តព្រះសីហនុ : ម្ចាស់ឆ្នោតបានផ្តល់នូវការទុកចិត្ត និងការជឿជាក់លើការដឹកនាំ និងគុណបំណាច់ដ៏ធំធេងរបស់បក្ស ជាពិសេសសមិទ្ធផលវិជ្ជមានជាច្រើនដែលបានធ្វើសម្រាប់ជាតិ និងប្រជាជន។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ៖ លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ កន្លងមក ក៏ដូចជាគ្រប់ការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងគាំទ្រច្រើន និងអាចដឹកនាំរាជរដ្ឋាភិបាល គឺដោយសារម្ចាស់ឆ្នោតបានផ្តល់នូវការទុកចិត្ត និងការជឿជាក់លើការដឹកនាំ និងគុណបំណាច់ដ៏ធំធេងរបស់បក្ស ជាពិសេសសមិទ្ធផលវិជ្ជមានជាច្រើនដែលបានធ្វើសម្រាប់ជាតិ និងប្រជាជន។ ភាពជោគជ័យនេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ ព្រោះថាសន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោត គឺមិនងាយយកបានដោយងាយស្រួល ឬដល់ថ្ងៃគាត់ទៅគូសជូននោះទេ។ សន្លឹកឆ្នោតដែលទទួលបាន គឺបានមកពីការទុកចិត្ត និងការយកបានបេះដូង ហើយយើងគ្រប់គ្នាត្រូវដឹងថា ការយកបានសន្លឹកឆ្នោតមួយសន្លឹកៗ គឺពិបាកយកណាស់ ដែលទាមទារឱ្យយើងគ្រប់គ្នាត្រូវខិតខំធ្វើសកម្មភាព និងបម្រើប្រជាពលរដ្ឋដោយសេចក្តីស្មោះត្រង់ និងបង្កើនភាពសកម្មទ្វេដង ព្រមទាំងនៅកៀកជិតប្រជាពលរដ្ឋជានិច្ចជាកាល ជាពិសេសនៅពេលមានតម្រូវការបំផុត។
លោក បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា : ក្នុងនាមជាគណបក្សដែលឈ្នះការបោះឆ្នោត និងដឹកនាំប្រទេស ក្នុងរយៈកាលនោះទេ គឺគ្មានជម្រើសដើម្បីសម្រាកនោះទេ ពីព្រោះយើងទទួលបាននូវការទុកចិត្ត និងការផ្ញើជោគវាសនាពីសំណាក់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីឱ្យបក្សដឹកនាំ និងបម្រើពួកគាត់សម្រាប់រៀងរាល់ ៥ ឆ្នាំម្តង តាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដែលកំពុងចាក់គ្រឹះយ៉ាងរឹងមាំ ដោយក្នុងនេះ ក៏មានការរៀបចំដំណើរការបោះឆ្នោតយ៉ាងទៀតទាត់ចាប់តាំងពីនីតិកាលទី១ រហូតឈានដល់ការបោះឆ្នោតនីតិកាលទី ៧ នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ មូលហេតុដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ និងមានឱកាសដឹកនាំប្រទេសជាប់រហូតមក គឺដោយសារគណបក្សប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេ គឺកើតដោយសារប្រជាជន ដើម្បីប្រជាជន និងរបស់ប្រជាជន ។ ដូច្នេះ គ្រប់ពេលតែងមានវត្តមានថ្នាក់ដឹកនាំ និងសមាជិកបក្សនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកបំផុត គឺមិនរត់ចោលប្រជាជន ហើយខិតខំជួយប្រជាជន និងសង្គ្រោះជីវិតប្រជាជន តួយ៉ាងដូចជាដំណាក់កាលនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានដាក់ចេញនូវយន្តការ, វិធីសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងមកផ្តល់ជូនប្រជាជនបានទាន់ពេលវេលា ហើយឈានមកដល់ការបើកដំណើរការ ប្រទេសជាប្រក្រតីឡើងវិញយ៉ាងឆាប់រហ័សបំផុត ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា : យើងប្រាកដជាចងចាំច្បាស់អំពីបទពិសោធន៍ជាច្រើន ដែលកម្ពុជាបានឆ្លងកាត់ រាប់ចាប់ពីដំណាក់កាលរំដោះប្រទេសពីរបប ប៉ុល ពត, ការកសាងប្រទេសពីបាតដៃទទេ, ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតឈានដល់ការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនាំមកនូវការឯកភាពជាតិ និងឯកភាពទឹកដី ជាពិសេសសុខសន្តិភាព ស្ថិរភាពពេញលេញ សម្រាប់ការកសាងអភិវឌ្ឍឱ្យមានការរីកចម្រើន ដូចបច្ចុប្បន្ន ។ ទោះបីយើងធ្លាប់បានឆ្លងកាត់ជាច្រើនដំណាក់កាល និងទទួលបានសន្តិភាពពេញលេញក៏ពិតមែន ក៏នៅតែមានការចិញ្ចឹមចិត្ត និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលពីសំណាក់ក្រុមអ្នកនយោបាយជ្រុលនិយម ដោយប្រើប្រាស់មធ្យោបាយខុសច្បាប់ ។ ចំពោះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដែលកំពុងបន្តចាក់គ្រឹះយ៉ាងរឹងមាំយូរអង្វែងនៅកម្ពុជា ព្រមជាមួយនឹងការប្តេជ្ញាចិត្តការពារដាច់ខាតនូវរបបរាជានិយម ស្របតាមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” តាមរយៈការពង្រឹងការអនុវត្តវិធានការច្បាប់ ដើម្បីរក្សាការពារផលប្រយោជន៍ជាតិទាំងមូល និងប្រជាជន ១៧ លាននាក់ ទល់នឹងរាល់អំពើខុសច្បាប់ទាំងឡាយណាដែលបំពានដល់ភាពសុខសាន្តរបស់ជាតិ និងប្រជាជន ៕