ខេត្តកំពង់ស្ពឺ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា យើង មិនអត់ឱនឱ្យទង្វើណាដែលបំផ្លាញសុខសន្តិភាពរបស់កម្ពុជានោះឡើយ ពីព្រោះយើងបានឆ្លងកាត់រួចហើយពីទុក្ខវេទនានិងការព្រាត់ប្រាស់ដោយសារសង្រ្គាម។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើង ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានជាដាច់ខាត ដើម្បីធានាដល់ការអភិវឌ្ឍរយៈពេលវែងសម្រាប់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីជនចង្រៃនៅក្រៅស្រុក ដែលតែងធ្វើសកម្មភាពនយោបាយបំផ្លាញឆ្នាំងបាយកម្មករ-កម្មការិនី ដូចជា៖ កុំឱ្យវិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ,កុំឱ្យគេទិញផលិតផលពីកម្ពុជា និងឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជាជាដើម។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការអភិវឌ្ឍនៅខេត្តកំពង់ស្ពឺនិយាយដោយឡែក និងក្របខណ្ឌទូទាំងប្រទេសនិយាយជារួម គឺកើតឡើងដោយសារកត្តាសុខសន្តិភាព។ «យើងត្រូវរួមរក្សាសន្តិភាពនេះឱ្យបាន ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង»។ សម្តេចបញ្ជាក់ថា «គ្មាននរណាទៅរកស៊ី នៅប្រទេសដែលកំពុងមានសង្គ្រាមកាប់នោះទេ»។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបង្ការការចម្លង និងការឆ្លងរីករាលដាល នៃជំងឺអេដស៍ ដែលមានការកើនឡើងប្រមាណ ៣០០ករណី នៅឆ្នាំ២០២២ ដែលភាគច្រើនកើតឡើងទៅលើក្រុមគោលដៅដែលមាននិន្នាការអ្នកស្រលាញ់ភេទដូចគ្នា «ប្រុសស្រលាញ់ប្រុស»៕