ខេត្តបាត់ដំបង : ករណីប្រជាពលរដ្ឋ២២៩ គ្រួសារ ខេត្តបាត់ដំបង “ ជិតបោះឆ្នោតហើយមិនគួរយកពលរដ្ឋទៅដាក់គុកដោយសាររឿងវិវាទដីធ្លីដែលអាចដោះស្រាយបានដោយសន្តិវិធីនោះទេ!” ។ នេះជាការលើកឡើង ពី លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្ត្រី និងជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
លោក ដួង តារា បានលើកឡើងថា : ពួកគាត់ធ្លាប់បានដាក់ពាក្យសុំអន្តរាគមន៍មកខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តីកាលពី១៨មករា២០២៣ ដើម្បីសុំផ្តល់យុត្តិធម៌លើបញ្ហាវិវាទដីធ្លី ដែលពួកគាត់បានរស់នៅ កាន់កាប់ធ្វើស្រែចំការតាំងពីឆ្នាំ ១៩៩៣ ដែលមានការទទួលស្គាល់ពីមន្រ្តីឃុំទៀតផង។
លោកបន្តថា : កន្លងទៅថ្មីៗមានដីការកោះ (ព្រះរាជអាជ្ញារង ថេង សំណាង) ហៅតំណាងពួកគាត់ ទៅ បំភ្លឺនៅថ្ងៃទី ៤ កក្កដា ២០២៣ខាងមុខ។ ប៉ុន្តែនៅ២១ មិថុនា ២០២៣ មានលិខិត អញ្ជើញ (ពីមេឃុំ អ៊ុង ខែម) អោយពលរដ្ឋ៧នាក់ទៅប្រជុំ ហើយបន្ទាប់មកក៏មានការ ឃាត់ខ្លួនពលរដ្ឋ៥នាក់រហូតមកដល់ថ្ងៃនេះ ដែលបានធ្វើអោយពលរដ្ឋទាំង២២៩គ្រួសារ មានការភ័យព្រួយយ៉ាងខ្លាំង ហើយពួកគាត់បានឡើងមកភ្នំពេញស្នើសុំជំនួយអន្តរាគមន៍ ពីសម្តេចតេជោ។
លោក ដួង តារា បានបញ្ជាក់ថា : ខ្ញុំបានបញ្ជូនសំណូមពរនៃការព្រួយបារម្ភរបស់ប្រជាពលរដ្ឋជូនទៅ ឯឧ សុខ លូ អភិបាលខេត្តបាត់ដំបងកាលពីម្សិលមិញ។ ឯកឧត្តមបញ្ជាក់ថាករណីនេះ គឺបាន កើតមានឡើងយូរមកហើយ គឺភាគីខាងកសិកម្មជាដើមបណ្តឹង។ ឯកឧត្តម បញ្ជាក់ថានឹងជួយពិនិត្យជូនពលរដ្ឋអោយបានឆាប់បំផុត។
លោកបន្តថា : ខ្ញុំបានស្នេីសុំមេធាវីជួយពិនិត្យឯកសារនិងជួយការពារក្តីបងប្អូនប្រជាពលរដ្ឋរបស់សម្តេចក្នុងករណីនេះ។ ខ្ញុំនៅតែមានសង្ឃឹមជឿជាក់ថា យើងអាចរួមគ្នារកដំណោះស្រាយដោយសន្តិវិធីជាមួយបងប្អូនប្រជាពលរដ្ឋបាន។ អរគុណសន្តិភាព ៕
ដោយ : សិលា