សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រសាសន៍សំខាន់ៗឱកាសអញ្ជើញចុះជួបកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ជាបន្តទៀតនៅក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ​ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ ហ៊ុន សែន មានដូចខាងក្រោមនេះ៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានរីករាយចំពោះកម្រិតចំណេះដឹងរបស់កម្មករ-កម្មការិនី ពាក់ព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យដូចជា៖ Facebook, Telegram..។ល។ សម្រាប់ទំនាក់ទំនងគ្នា ដែលមានមន្ត្រីខ្លះមិនចេះ ឬដើរទាន់បច្ចេកវិទ្យា ស្មើនឹងក្មួយៗកម្មករ-កម្មការិនីផង។

សម្តេចតេជោ ថ្លែង​ពីភាពជោគជ័យ នៃការគ្រប់គ្រងករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលនាំឱ្យកម្ពុជាអាចបើកឡើងវិញនូវសង្គមសេដ្ឋកិច្ចកម្ពុជាឡើងវិញ រួមទាំងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ព្រមទាំងការជួបជុំជាមួយកម្មករ-កម្មការិនីជាបន្តបន្ទាប់ ដោយមិនចាំបាច់ធ្វើតេស្តកូវីដ-១៩។

សម្តេចតេជោ ថ្លែង​ដោយមោទនភាព ពីការរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មធន់ធ្ងន់ សម្រាប់ដំណើរឈានឡើង នៃសេដ្ឋកិច្ចរបស់ខេត្ត និងក្នុងក្របខណ្ឌទូទាំងប្រទេស។

សម្តេចតេជោ ថ្លែង​ថា ខេត្តភាគនិរតី នៃប្រទេស បានក្លាយជាខេត្ត នៃសេដ្ឋកិច្ចពហុបំណង រួមទាំងនាំចេញតាមច្រកសមុទ្រទៅកាន់ទីផ្សារអន្តរជាតិ បានដោយងាយស្រួលរួមមាន៖ ផ្លូវជាតិខ្វាត់ខ្វែង និងកំពង់ផែទឹកជ្រៅ។

សម្តេចតេជោ ថ្លែង​ថា គោលដៅរបស់រាជរដ្ឋាភិបាលត្រូវបង្កើតការងារថ្មឺៗ យ៉ាងហោចណាស់ចំនួន ៣០ម៉ឺនកន្លែងក្នុងមួយឆ្នាំ ស្របតាមការរីកចម្រើន និងកំណើនប្រជាជនជារៀងរាល់ថ្ងៃ។

សម្តេចតេជោ ថ្លែង​ថា ការអភិវឌ្ឍនៅខេត្តកំពង់ស្ពឺនិយាយដោយឡែក និងក្របខណ្ឌទូទាំងប្រទេសនិយាយជារួម គឺកើតឡើងដោយសារកត្តាសុខសន្តិភាព។ «យើងត្រូវរួមរក្សាសន្តិភាពនេះឱ្យបាន ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង»។ សម្តេចបញ្ជាក់ថា «គ្មាននរណាទៅរកស៊ី នៅប្រទេសដែលកំពុងមានសង្គ្រាមកាប់នោះទេ»។

សម្តេចតេជោ ថ្លែង​ថា ខេត្ត​កំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ ដែលផលិតរោងចក្រ ទាំងនោះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

សម្តេចតេជោ ថ្លែង​ថា នយោបាយត្រូវរបស់រាជរដ្ឋាភិបាល គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ដែលពេលបច្ចុប្បន្ននេះមានរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតជាង១៤ម៉ឺននាក់ និងមានប្រាក់ឈ្នួលមធ្យមជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចតេជោ ថ្លែង​ថា ពីមុនដី១ហិចតា ប្រជាកសិករអាចធ្វើស្រែ-ចំការ អាចចិញ្ចឹមមនុស្សបានតែ១គ្រួសារដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលមានការវិនិយោគលើផ្ទៃដី១ហិចតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្ម។

សម្តេចតេជោ ថ្លែង​ថា ច្បាស់ណាស់ បើពេលនេះ គ្មានការវិនិយោគលើវិស័យកាត់ដេរ និងឧស្សាហកកម្មនោះទេ គឺបងប្អូនកម្មករ-កម្មការិនី កំពុងធ្វើស្រែចំការ និងរបរចិញ្ចឹមគ្រួសារលក់ដូរតិចតួចនៅផ្ទះឯណោះទេ។

សម្តេចតេជោ ថ្លែង​ថា ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ -កម្មការិនីឱ្យបានឆាប់រហ័សនោះទេ។

សម្តេចតេជោ​ បន្តប្រកាសពីជនចង្រៃនៅក្រៅស្រុក ដែលតែងធ្វើសកម្មភាពនយោបាយបំផ្លាញឆ្នាំងបាយកម្មករ-កម្មការិនី ដូចជា៖ កុំឱ្យវិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ,កុំឱ្យគេទិញផលិតផលពីកម្ពុជា និងឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជាជាដើម។

សម្តេចតេជោ ថ្លែង​ប្រកាសដល់កម្មករ-កម្មការិនីរោងចក្រទាំងអស់ ត្រូវហ៊ានចេញមុខថ្កោលទោស ពួកជ្រុលនិយម និងពួកចង្រៃទាំងឡាយ ដែលបំណងបំផ្លាញផលប្រយោជន៍កម្មករ-កម្មការិនី និងប្រទេសជាតិ។

សម្តេចតេជោ បន្តអំពាវនាវដល់កម្មករនិយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រាក់ឈ្នួល។

សម្តេចតេជោ បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ។

សម្តេចតេជោ ថ្លែង​ថា បណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទើបត្រលប់ពីសហរដ្ឋអាមេរិក បានធ្វើសន្និសីទសារព័ត៌មានពីនយោបាយ និងភាពពិតជាក់ស្តែងរបស់កម្ពុជា​។

នាឱកាស​នោះ​ដែរ​ លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅក្រុងច្បារមននេះចំនួនពីរលើករួចមកហើយកាលពីឆ្នាំ២០១៨។ រោងចក្រ សហគ្រាសទាំង៩ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៦។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី។ល។

...

ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន​កម្មករ​ និយោ​ជិតជាង ១៥ម៉ឺន ៥ពាន់​នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៩១ មានកម្មករនិយោជិត​សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print