លោក បណ្ឌិត ហ៊ុន ម៉ាណែត : សម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបញ្ចប់សង្គ្រាម និងប្រឆាំងសង្គ្រាម ដោយបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតប្រទេសជាតិមានសុខសន្តិភាពពេញលេញ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបញ្ចប់សង្គ្រាម និងប្រឆាំងសង្គ្រាម ដោយបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ៖  សូមនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭក ក្នុងមនោសញ្ចេតនាស្រឡាញ់យកចិត្តទុកដាក់ប្រកបដោយភាពកក់ក្តៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះអ៊ំពូមីងអតីតយុទ្ធជនទាំងអស់ និងក៏សូមយកឱកាសនេះ លំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ។ ការលះបង់ និងគុណបំណាច់ដ៏មានតម្លៃធំធេងទាំងនេះ នឹងស្ថិតនៅក្នុងការចងចាំរបស់ប្រជាជន និងយុវជនកម្ពុជាគ្រប់ៗជំនាន់ ដោយមិនអាចបំភ្លេចបានទ្បើយ ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា,  សូមចូលរួមអបអរសាទរចំពោះការប្រារព្ធខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ព្រមជាមួយនឹងការបំពាក់គ្រឿងឥស្សរិយយសជូនដល់អ៊ំពូមីងអតីតយុទ្ធជន នៅរាជធានីភ្នំពេញ ទាំង ៦.០០០ រូប ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន ដោយនៅក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រកន្លងមកនេះ អ៊ំពូមីងអតីតយុទ្ធជន បានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងប្រកបដោយទឹកចិត្តស្នេហាជាតិ និងបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្តជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ ថា : សម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបញ្ចប់សង្គ្រាម និងប្រឆាំងសង្គ្រាម ដោយបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងភាពសុខសាន្តសម្បូរសប្បាយរុងរឿង ដូចពេលបច្ចុប្បន្ន ។ ជាតថភាពជាក់ស្តែង, យើងបានដឹងទាំងអស់គ្នា ជាពិសេសអ៊ំពូមីងជាអតីតយុទ្ធជន គឺបានជ្រាបច្បាស់ថា នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានដឹកនាំរដ្ឋប្រហារទម្លាក់ព្រះបាទព្រះបរមរតនកោដ្ឋ ដោយបានធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងបាននាំប្រទេសជាតិឱ្យដើរថយក្រោយពីសម័យកាលរីកចម្រើន ទៅជាសម័យកាលនៃការបំផ្លិចផ្លាញដោយសារសង្គ្រាម និងឈានរហូតដល់ការកាប់សម្លាប់ប្រជាជនដោយគ្មានត្រាប្រណី នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងនេះ បានបន្សល់ទុកនូវការបែកបាក់ព្រាត់ប្រាសក្រុមគ្រួសារ និងវិនាសកម្មជាច្រើន ហើយពិតណាស់ គឺអ៊ំពូមីងអតីតយុទ្ធជន និងគ្រួសារពលី-មរណៈ និងពិការទាំងអស់ ដែលកំពុងមានវត្តមាននៅទីនេះ ប្រាកដជាចងចាំអតីតកាលដ៏ឈឺចាប់ខ្លោចផ្សានេះគ្មានថ្ងៃបំភ្លេចបាន ។ ដូចនេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំនូវអតីតកាល ដែលជាតិខ្មែរធ្លាប់រងគ្រោះ ហើយត្រូវខិតខំធ្វើយ៉ាងដើម្បីដើរចៀសឱ្យផុតពីសង្គ្រាម និងជម្លោះបែកបាក់ ព្រមទាំងរួមសាមគ្គីគ្នាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ ថា : រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់លើសុខុមាលភាព និងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ដោយបានផ្តោតលើចំណុចអាទិភាពសំខាន់ចំនួន ៣ គឺ ជីវិត, ជីវភាព និងកិត្តិយស៖ ទី១. ជីវិត៖ សំដៅដល់ការរំដោះជាតិ និងប្រជាជនចេញពីរបប ប៉ុល ពត និងការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាការជួយសង្គ្រោះជីវិតឱ្យឆ្លងផុតពីរណ្តៅមរណៈនៃជំងឺកូវីដ-១៩; ទី២. ជីវភាព៖ សំដៅដល់ការផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់របបសន្តិសុខសង្គមនានា ដែលបន្តកើនឡើងជាបន្តបន្ទាប់ រួមជាមួយនឹងប័ណ្ណថែទាំសុខភាព, ការផ្តល់សម្បទានដីសង្គមកិច្ច និងការសាង់សង់ផ្ទះសម្រាប់អតីតយុទ្ធជន ក៏ដូចជាការយកចិត្តទុកដាក់ជាច្រើនផ្សេងទៀត ដែលរួមមានផងដែរនូវការបណ្តុះបណ្តាលបន្ថែមសម្រាប់ការចាប់អាជីពពិតប្រាកដមួយនៅក្រោយពេលចូលនិវត្តន៍ និងការផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជនក្នុងការចូលបម្រើការងារតាមសមត្ថភាពជំនាញ និងទី៣.

កិត្តិយស សំដៅដល់ការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងការបន្តកសាង និងអភិវឌ្ឍន៍ជាតិ រួមទាំងការបំពាក់គ្រឿងឥស្សរិយយសដើម្បីរំឭកបញ្ជាក់អំពីការទទួលស្គាល់ និងការតបស្នងសងគុណចំពោះវីរភាព និងគុណបំណាច់របស់អតីតយុទ្ធ ក៏ដូចជាការកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំ ជា “ទិវាអតីតយុទ្ធជនកម្ពុជា” ជាដើម ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print