រដ្ឋបាលរាជធានីភ្នំពេញរឹបអូសគ្រឿងញៀនបាន៥តោនយកទៅដុតបំផ្លាញចោល

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនខុសច្បាប់ ជាច្រើនប្រភេទដែលមានទម្ងន់រហូតដល់ជាង៥តោនត្រូវបានដុតបំផ្លាញចោល ក្រោយពីបង្ក្រាបនិងរឹបអូសបាននៅក្នុងរាជធានីភ្នំពេញនាពេលកន្លងមកនេះ។
ពិធីនេះបានធ្វើឡើងនាព្រឹកថៃ្ងទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីអាជ្ញាធរ កងកម្លាំង ប្រជាពលរដ្ឋនិងយុវជនប្រមាណជាង៣០០០នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងថា ៖ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣នេះ កម្លាំងមានសមត្ថកិច្ចរបស់យើងបង្ក្រាបគ្រឿងញៀនបានចំនួន៣១៤៣ករណីនិងឃាត់ខ្លួនជនសង្ស័យបានចំនួន៧៤៨០នាក់ ជាមួយនឹងការរឹបអូសគ្រឿងញៀនបានចំនួន៨៣៨គីឡូក្រាម
៧៧២,៦ក្រាម ។ ពាក់ព័ន្ធនឹងគ្រឿងញៀននេះ គ្រាន់តែនៅរាជធានីភ្នំពេញ កម្លាំងមានសមត្ថកិច្ចយើងបង្ក្រាបបានជាង៥តោនកន្លះ ដែលយើងត្រូវដុតបំផ្លាញចោលពេលនេះ ។ ប៉ុន្តែក្នុងចំនួននេះមិនបានគិតពីសារធាតុគីមីផ្សេងៗ ដែលយើងត្រូវបន្សាបនិងរំលាយចោលនៅពេលក្រោយនោះទេ។
សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា៖ ករណីគ្រឿងញៀននេះ នៅតែកើនឡើងជាលំដាប់ដែលទាមទារអោយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវតែមានឆន្ទៈខ្ពស់ក្នុងការបង្ក្រាប ព្រោះថាវាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋរបស់យើង ពិសេសស្រទាប់យុវវ័យដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។
លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងឆ្នាំ២០២២កន្លងមកនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩៧៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១.៨៥៧ នាក់ (នារី១៧៨នាក់) ពាក់ព័ន្ធបទល្មើសដូចជា ជួញដូរ និងរក្សាទុក គ្រឿងញៀន, ដឹកជញ្ជូននិងរក្សាទុកគ្រឿងញៀន, ចាត់ចែង-សម្រួលឱ្យប្រើប្រាស់គ្រឿងញៀន, បើកបរក្រោម ឥទ្ធិពលគ្រឿងញៀន និងករណីប្រើប្រាស់គ្រឿងញៀនជាដើម។ ដោយឡែក ចំពោះការងារអប់រំកែប្រែនិងស្តារនីតិសម្បទា គណៈកម្មាធិការបានយកចិត្តទុកដាក់បញ្ចូនជនរងគ្រោះដោយសារគ្រឿងញៀនទាំងដើមគ្រានិងក្នុងគ្រាបញ្ចូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ សរុបចំនួន ៧.១៧៦នាក់ (នារី ៣៥២នាក់) បញ្ចូនទៅព្យាបាលនៅតាមសហគមន៍ចំនួន ៧ នាក់ (នារី ១ នាក់) និងបានធ្វើសមាហរណកម្មជនរងគ្រោះដែលបានទទួលការព្យាបាលរួចឱ្យចូលទៅរស់នៅក្នុងសហគមន៍វិញចំនួន ៥.២៩០ នាក់ (នារី ២៧៩នាក់) ផងដែរ។
លោកបន្តថា៖ ការជួបជុំគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងដាស់តឿន ក្រើនរំលឹកនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសក្មួយៗយុវជនយើងឱ្យយល់ដឹងច្បាស់ពីគ្រោះថ្នាក់និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបង្កឡើងដោយគ្រឿងញៀន ហើយក៏ជាសារព្រមានដល់ក្រុមឧក្រិដ្ឋជនទាំងឡាយ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពល្មើសច្បាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន ព្រោះថារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរ គ្រប់ជាន់ថ្នាក់មានឆន្ទៈយ៉ាងមោះមុតក្នុងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់និងប្តេជ្ញាបង្ក្រាបឱ្យខាងតែបានដោយគ្មានការលើកលែងណាមួយឡើយ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print