ខេត្តពោធិ៍សាត់៖ លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្តៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង ចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព លួចទូរសព្ទដៃ របស់ព្រះសង្ឃព្រះនាម ខែក សុខចាន់ គង់នៅវត្តទេពសន្យា ស្ថិតនៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ហើយយកទៅលក់ចាយលុយអស់។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅ វេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានប្រាប់បន្តថា ក្រោយទទួលបាន ការផ្តល់ព័ត៌មានពី ព្រះតេជគុណព្រះនាម ខែក សុខចាន់ មានព្រះជន្ម១៦វស្សា គង់នៅវត្តខាងលើ ថាមានជនមិនស្គាល់អត្តសញ្ញាណចូលលួចទួរសព្ទដៃរបស់ព្រះអង្គ មួយគ្រឿង ម៉ាកវីវូ ពណ៌ទឹកសមុទ្រដែលបានដាក់បញ្ចូលថ្មទុកនៅក្នុងកុដិ ។
កម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រួចនាំឈ្មោះ វ៉ា ឃីម ភេទប្រុស អាយុ១៨ឆ្នាំ មកសាកសួរយកចំលើយ។ លោកអធិការ បានបន្តថា ជនសង្ស័យឈ្មោះ វ៉ា ឃីម បានសារភាពថា នៅវេលាម៉ោង ១១និង០០នាទី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ពេលព្រះសង្ឃឡើងទៅឆាន់នៅសាលាឆាន់ ខ្លួនបានលបលួចឡើងយកទូរស័ព្ទដៃ០១គ្រឿង ម៉ាកដូចខាងលើ នៅកុដិរបស់ព្រះសង្ឃឈ្មោះ ខែក សុខចាន់ ពិតប្រាកដមែន ហើយខ្លួនជិះម៉ូតូយកទៅលក់នៅហាងលក់ទូរស័ព្ទដៃ ខាងត្បូងផ្សារថ្មីពោធិ៍សាត់ មិនចាំយីហោ តែចំណាំហាង ក្នុងតំលៃ ១០០,០០០រៀល ក្រោយពីលក់បានលុយហើយ ខ្លួនយកលុយនោះចាយវាយលេងបាល់ ទិញកាតទូរស័ព្ទនិងចំណាយផ្សេងៗទៀតរហូតដល់អស់ ។
បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាន ដើម្បីបំពេញនីតិវិធីបន្ត ៕ដោយ៖អរុណរះ