ភ្នំពេញ : ទីម៉ូមគឺជាដុំនៃក្រពេញទីមុសដែលស្ថិតនៅផ្នែកខាងមុខនិងខាងលើនៃប្រអប់ទ្រូង។ ជាទូទៅទីម៉ូមមិនសូវជាបង្កអោយមានរោគសញ្ញាអ្វីជាក់លាក់នោះទេ។ នៅក្នុងករណីទីម៉ូមធំខ្លាំង វាអាចសង្កត់លើសរីរាង្គផ្សេងៗនៅក្បែរនោះ ដែលអាចបណ្ដាលអោយមានផលវិបាកដូចជា៖
– ការឈឺចាប់ក្នុងទ្រូង
– ក្អកស្ងួត
– ស្អកកញឹកញាប់
– ការពិបាកលេបអាហារ
– ការពិបាកដកដង្ហើម
– ការសង្កត់លើសរសៃឈាម និងបេះដូង ដែលបណ្ដាលអោយហើមមុខជាដើម។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។
ក្នុងករណីខ្លះ វាមានរួមផ្សំជាមួយជំងឺអូតូអ៊ីមូន (Maladie d’autoimmune paranéoplasique) ដែលភាគច្រើន ជាសញ្ញា ខ្សោយសាច់ដុំ (Myasthénie gravis)។ ដុំប្រភេទនេះច្រើនត្រូវបានរកឃើញដោយចៃដន្យនៅពេលថតសួត ។ ក្រៅពីថតសួត ការថតដោយស្កេនន័រអាចអោយដឹងពីសភាពដុំ ទីតាំង និងការរីក រាលដាលនៃដុំទីម៉ូម ដែលវាជួយសម្រួលដល់ការវិនិច្ឆ័យ ការវាយតម្លៃ និងការសម្រេចចិត្តក្នុងការព្យាបាល។
ការព្យាបាលដុំទីម៉ូមគឺអាស្រ័យទៅលើដំណាក់កាលនៃដុំ និងស្ថានភាពធ្ងន់ធ្ងរនៃអ្នកជំងឺ។ ការវះកាត់យកចេញអោយអស់នូវដុំនេះ គឺជាការព្យាបាលចំបង ដែលអាចអោយអ្នកជំងឺជាសះស្បើយបាន។ ក្នុងករណីខ្លះ អ្នកជំងឺត្រូវការ ការព្យាបាលដោយប្រើថ្នាំគីមី និងការព្យាបាលដោយកាំរស្មីផងដែរ។
ដូច្នេះបើលោកអ្នកមានសញ្ញាផ្សេងៗដែលមានរៀបរាប់ខាងលើ ឬក៏បានប្រទះឃើញ ដុំប្លែកក្នុងទ្រូងតាមរយៈការថតឆ្លុះនានា សូមលោកអ្នកអញ្ជើញទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់មែត ដើម្បីធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងទទួលបានការព្យាបាលដែលសមស្រប ៕
ដោយ : សហការី