ខេត្តកំពង់ស្ពឺ÷ « ការបោះឆ្នោតមួយសន្លឹកជូនគណបក្ស ប្រជាជនកម្ពុជា ស្មើនឹងការបោះឆ្នោតជូនដល់ការរីក ចម្រើន នៃជីវភាពរស់នៅរបស់ខ្លួនឯង និងក្រុមគ្រួសារ» នេះជាប្រសាសន៍លោកហ៊ុន ម៉ានី អនុប្រធានទី១ ក្រុម ការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នក តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៣។
នាឱកាសនោះ លោកហ៊ុនម៉ានី មានប្រសាសន៍ថា « ការបោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងការបោះឆ្នោតជូនដល់ការរីកចម្រើននៃជីវភាព រស់នៅរបស់ខ្លួនឯង និងក្រុមគ្រួសារ»។ លោកបានគូស បញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការធានាដល់ការងារ និងការថែរក្សាអត្ថប្រយោជន៍របស់បងប្អូន កម្មករ កម្មការិនី នៅដដែល។ លើសពីនេះទៅទៀតនោះ បងប្អូនកម្មករ កម្មការិនីក៏អាចទទួលបាននូវកំណើនអត្ថប្រយោជន៍នានា ចេញពីការងាររបស់បង ប្អូនជាបន្តបន្ទាប់ដូចអ្វីដែលបងប្អូនទទួលបានកន្លងមកហើយ សូម្បីតែក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ព្យាយាមរក្សានូវ អត្ថប្រយោជន៍ជូនបងប្អូនឲ្យបានល្អប្រសើរផងដែរ។
លោកហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការឈ្នះរបស់គណបក្សប្រជាជនកម្ពុជា និងធានាដល់ការបន្តបេសកកម្មក្នុងការបម្រើ និងការពារផលប្រយោជន៍ជូនជាតិ និងប្រជាជន។ ជាមួយគ្នានោះលោកក៏បានអំពាវដល់សមាជិក សមាជិកាទាំងអស់ យកចិត្តទុកដាក់ចំពោះការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វេសប្រហែសណាមួយដែលបណ្តាលឲ្យសន្លឹកឆ្នោតរបស់យើងមិនអាចយកជាការបាន ឬជាសន្លឹកឆ្នោតដែលមិនបានការ ។ ទន្ទឹមនឹងនេះលោកបានរំលឹកដល់សមាជិក សមាជិកា អោយភ្ជាប់នូវឯកសារ ២ ដែលអាចយកទៅបោះឆ្នោតគឺ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯ.អ. ឯកសារបញ្ជាក់អត្តសញ្ញាណផងដែរ។
សូមជម្រាបជូនថា ពិធីជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំជង្រុក និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រព្រឹត្តិទៅក្រោមអធិបតីភព លោកហ៊ុន ម៉ានី អនុប្រធានទី០១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ៕ ដោយ៖សុរិយា