ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីមានអង្គភាពព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចេញផ្សាយក្រោមចំណងជើងថា (គេសង្ស័យថា លោក លឹម សុក្រឹត នាយសង្កាត់ជលផលបាកាន និងលោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលបាកាន បើកភ្លើងខៀវឱ្យប្រព្រឹត្តបទល្មើសអូសអួននៅក្នុងឡូត៍អភិរក្ស ត្រូវបានកម្លាំងចម្រុះថ្នាក់ជាតិក្របួចបានហើយ តែជនប្រព្រឹត្តបទល្មើសបាត់ខ្លួនទាំងយប់ តើមកពីហេតុអ្វី?) នៅព្រឹត្តថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នេះ លោកនាយផ្នែករដ្ឋបាលជលផលរាំងទិលបានឱ្យអ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត)ដឹងតាមបណ្ដាញសង្គម(តេឡេក្រាម)ថា អ្នកសរសេរផ្សាយទាំងនោះចោទមិនមានការណ៍ពិតទេ ហើយអ្នករកនោះនៅខាងខេត្តសៀមរាបឯណោះ នៅពេលកម្លាំងល្បាតឃើញធ្វើការបង្រ្កាប នាំយកមកបន្តនីតិវិធីនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលបាកាន ខណៈនោះលោក លឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផលបាកាន សុំឱ្យសមត្ថកិច្ចចម្រុះថ្នាក់ជាតិទាំងនោះដាក់ខ្នោះខ្លាចគ្រប់គ្រងពុំបាន ប៉ុន្តែកម្លាំងចម្រុះថ្នាក់ជាតិនិងកម្លាំងសហការនៅជុំគ្នាថាមិនបាច់ដាក់ទេ លុះព្រឹកឡើងបាត់ទាំងអស់តែម្ដង ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់បានឱ្យដឹងបន្ថែមតាមបណ្ដាញ(តេឡេក្រាម)ដែរថា អាចសួរទៅថ្នាក់ជាតិ(ច្រឹង តាំងលី) ខាងសង្កាត់មិនពាក់ព័ន្ធទេ ។
ដោយឡែក លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិករ រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ អ្នកកាសែត(នគរវត្ត)បានសុំការពន្យល់តាមបណ្ដាញ(តេឡេក្រាម)ដែរ ប៉ុន្តែទំនងលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិករ រុក្ខាប្រមាញ់មិនសប្បាយចិត្តឬយ៉ាងណានោះទេ ព្រោះគាត់មិនត្រឹមតែមិនបានពន្យល់ គាត់បានលុបចោលសំនួរទាំងអស់ទៀត ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះលោកច្រឹង តាំងលី នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានដឹកនាំមន្ត្រីក្រោមឱវាទទៅសហការជាមួយកម្លាំងចម្រុះខេត្តថ្នាក់ជាតិ ចុះបង្រ្កាបបទល្មើសនេសាទ (អួនអូសទឹកសាប ដោយកម្លាំងម៉ាស៊ីនចំនួន០២វង់) ដែលជនប្រព្រឹត្តសុទ្ធតែជនជាតិវៀតណាមចំនួន១២នាក់កំពុងធ្វើសកម្មភាពជាក់ស្ដែង នៅចំណុចឡូត៍លេខ១ ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ទោះយ៉ាងជាណាក្ដីៈ អ្នកសារព័ត៌មានយើងពុំអាចសុំការបំភ្លឺបន្ថែមពីលោក ច្រឹង តាំងលី បាននោះទេនៅថ្ងៃនេះ ៕ ដោយៈ ប៉ឹម ពិន